ចង្ក្រានព្រៃមាន់ខ្មែរ ដែលជាប្រភេទចង្ក្រានសន្សំសំចៃ កាត់បន្ថយការប្រើអុស និងធ្យូង ចូលរួមចំណែកនៅក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា

ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃការចង្ក្រានព្រៃមាន់ខ្មែរដែលជាប្រភេទចង្ក្រានសន្សំសំចៃ និងចូលរួមកាត់បន្ថយការប្រើអុសនិងធ្យូង ហើយបានបង្កើនការចូលរួមចំណែកនៅក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជាទៀតផង។

ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះលោក ប៉ាវ ជី (Bao Ji) អគ្គនាយកក្រុមហ៊ុនសេវាកម្មបរិស្ថានគ័ងចូវ អាយប៊ឺក (Guangzhou Iceberg Environmental Consulting Services Co., Ltd.) មូលនិធិភីសឡេន(Peaceland) និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានចូលរួមចំណែកផ្តល់ចង្ក្រានចំនួន៣៥00 ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅនឹងមូលដ្ឋាន ហើយការផ្តល់ចង្ក្រានសម្រាប់ជូនដល់ប្រជាជននៅក្នុងសង្កាត់បាទីនាថ្ងៃនេះជាការបង្ហាញនូវសមានចិត្តដ៏ប្រពៃរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកក្នុងយន្តការនៃការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា។

លោក ប៉ាវ ជី (Bao Ji) បានគូសបញ្ជាក់តាមប្រព័ន្ធOnlineថា ការផ្តល់ជូនចង្ក្រាននាពេលនេះគឺជាការចូលរួមវិភាគទានក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា និងចូលរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។ លើសពីនេះ តាមរយៈចង្ក្រាននេះនឹងចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់អុស-ធ្យូង និងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ហើយតាមរយៈគម្រោងនេះនឹងចូលរួមលើកកម្ពស់ជីវភាពទាំងអ្នកផលិត និងអ្នកប្រើប្រាស់ចង្ក្រានថែមទៀតផង។

លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការគាំទ្រដល់បេសកកម្មការងាររបស់ក្រុមហ៊ុនសេវាកម្មបរិស្ថានគ័ងចូវ អាយប៊ឺក (Guangzhou Iceberg Environmental Consulting Services Co., Ltd.) មូលនិធិភីសឡេន(Peaceland)របស់ប្រទេសចិនក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពកាន់តែប្រសើរជូនដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ពិធីប្រគល់និងទទួលចង្រ្កាន ព្រៃមាន់ខ្មែរដែលជាប្រភេទចង្ក្រានសន្សំសំចៃ និងចូលរួមកាត់បន្ថយការប្រើអុសនិងធ្យូង ធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ៕ ប្រភព ៖ ខេត្តស្វាយរៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner