លោក សុខ អាង ៖ បង្ហាញក្តីកង្វល់ ជុំវិញការប្រកួតថ្នាក់ជាតិ និងអន្តរជាតិមានតិចតួច ធ្វើអោយសហព័ន្ធគុនដាវមិនរំពឹងធ្វើបានល្អ ស៊ីហ្គេម នៅវៀតណាម

ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២២នេះ បានបញ្ជប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅកីឡដ្ឋានវេស្ទើន រាជធានីភ្នំពេញ ស្របពេលដែលលោក ឃុត សៀង ប្រធានបច្ចេកទេស សហព័ន្ធកីឡាគុនដាវកម្ពុជា បានលើកឡើងថា ការប្រកួតនេះ ក្រៅពីការពង្រឹងបច្ចេកទេសកីឡាករ កីឡាការិនី ក៏ជាការសាកល្បងសមត្ថភាពមន្រ្ដីបច្ចេកទេស អាជ្ញាកណ្ដាលរបស់សហព័ន្ធ ដើម្បីធានាការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។

ប្រធានបច្ចេកទេសរូបនេះ គូសបញ្ជាក់ទៀតថា សហព័ន្ធបានមើលឃើញនូវចំណុចខ្វះខាតជាច្រើន ដែលត្រូវការដោះស្រាយ និងបំពេញបន្ថែមឱ្យបានឆាប់រហ័សបំផុត ។ ក្នុងឆ្នាំ២០២២នេះ សហព័ន្ធក៏ត្រៀមការប្រកួត២ប្រភេទទៀត ក្នុងត្រីមាសទី៣ និងត្រីមាសទី៤ ជាពិសេសការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ នាខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបង្កើនបទពិសោធ និងពង្រឹងសមត្ថភាពរបស់មន្រ្ដីបច្ចេកទេសរបស់ខ្លួន និងការត្រួតពិនិត្យសម្ភារប្រកួតផងដែរ។ «ដូច្នេះតាមរយៈការប្រកួតសំខាន់ៗទាំងនេះ នឹងពង្រឹងបន្ថែមលើសមត្ថភាព បទពិសោធបន្ថែម សម្រាប់មន្ត្រីបច្ចេកទេស ឲ្យកាន់តែមុតស្រួច សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣»។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវ បានបញ្ជាក់ថា អះអាងទៀតថា ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើននេះ មានគោលដៅបំផុសសកម្មភាពកីឡាគុនដាវតាមសាលារៀនគ្រប់កម្រិតសិក្សា ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានអនុវត្តតាមបទបញ្ជាបច្ចេកទេសប្រកួត គោលការណ៍ Fair-play បានយ៉ាងត្រឹមត្រូវ ហើយការប្រកួតបានបញ្ចប់ដោយសុវត្តិភាព ប្រកបដោយស្មារតីមិត្តភាព និងសាមគ្គីភាព ។ អគ្គលេខាធិការ បានបង្ហាញក្តីកង្វល់ ជុំវិញការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនៅមានតិចតួច គ្មានលទ្ធភាពបញ្ជូនកីឡាករ កីឡាការិនីទៅដកស្រង់បទពិសោធន៍នៅក្រៅប្រទេស ធ្វើអោយសហព័ន្ធគុនដាវមិនរំពឹងធ្វើបានល្អ ស៊ីហ្គេម នៅវៀតណាម ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២២នេះ ទទួលបានការជួយជ្រោមជ្រែងពីឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យវេស្ទើន លោក គួរ យ៉ាង ប្រធានចាត់ការទូទៅ នៃក្លឹបកីឡាឡុងហាយ និងគ្រូបង្វឹក កីឡាករ កីឡាការិនី ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner