ឯកឧត្តម ប៊ូ ជុំសេរី ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ធ្វើក្នុងគោលបំណង ពង្រឹងការរីកចម្រើន ការអភិវឌ្ឍកាយសម្បទា នៃធាតុទាំង៥ របស់សិស្សានុសិស្ស

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋលេខាធិការ ស សុខា មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ មានគោលបំណងចម្បងៗក្នុងការជំរុញការអនុវត្តកម្មវិធីអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ស្តីពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

ឯកឧត្តម ប៊ូ ជុំសេរី បានពន្យល់ថា កម្មវិធីអប់រំកាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សានេះមាន២រូបភាព គឺទី១ ក្នុងម៉ោងសិក្សា និងទី២ក្រៅម៉ោងសិក្សា ដើម្បីបំពេញបន្ថែមលើកម្មវិធីមិនគ្រប់ ក្នុងគោលដៅជំរុញការលូតលាស់របស់សរីរាង្គកាយកុមារ។ នេះជាការប្រកួតថ្នាក់សាលារៀន ស្រុក និងខេត្តនីមួយៗ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្រសួងអប់រំ យុវជន និងកីឡាបានធ្វើវិវជ្ជការការងារនេះទៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមទៀតថា ការប្រកួតនេះមិនផ្តោតសំខាន់ទៅលើសិទ្ធផលពេកនោះទេ ពោលគឺពង្រឹងការរីកចម្រើន ការអភិវឌ្ឍកាយសម្បទានៃធាតុទាំង៥របស់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាលធនធាន ក៏ដូចជាការពង្រឹងស្មារតី សតិអារម្មណ៍ ការលត់ដំកាយសម្បទាឲ្យកាន់តែរឹងមាំ ព្រមទាំងការគោរពវិន័យ ក្រមសីលធម៌ចំពោះខ្លួនឯង និងចំពោះអ្នកដទៃទៀតផង។ ចំណុចសំខាន់មួយទៀត ឯកឧត្តម ប៊ូ ជុំសេរី បានពន្យល់ថា តាមរយៈគោលបំណងនៃការប្រកួតនេះ ក៏ដើម្បីឲ្យកីឡាករ កីឡាការិនី ជាសិក្សានុសិស្សកម្រិតបឋមសិក្សាចេះទទួលយកនូវភាពជោគជ័យ និងបរាជ័យ ការអត់ធ្មត់ ការអត់ឱន មិនរើសអើងពូជសាសន៍ និងមិនរើសអើងក្នុងក្រុម។ ទាំងអស់នេះ គឺជាគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះ ដោយមិនសំដៅលើសិទ្ធផលកីឡាពេកនោះទេ ប៉ុន្តែការបណ្តុះស្មារតី ការពង្រឹងកាយសម្បទានៃកុមារដែលមានវ័យ១៣ឆ្នាំចុះក្រោម ក្នុងកម្រិតបឋមសិក្សានឹងអាចក្លាយជាធនធានល្អៗតទៅថ្ងៃអនាគត។

ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្ន ព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិ ដែលកំណត់យក៨ប្រភេទកីឡានេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញឲ្យបណ្តារាជធានី-ខេត្តទាំង ២៥ ដោយមិនទាន់អាចបន្ថែមច្រើនជាងនេះបាននៅឡើយទេ។ ដោយសារនៅថ្នាក់ស្រុក និងថ្នាក់ខេត្តមិនសូវសម្បូរធនធានកីឡាករ កីឡាការិនីតាមប្រភេទកីឡានីមួយៗ ដូចជាកង្វះខាតធនធាន ទីលាន សម្ភារហ្វឹកហាត់ នៅក្នុងគ្រឹះស្ថានសិក្សាទាំងនោះ ប៉ុន្តែក្រសួងនឹងខិតខំពង្រីកវិសាលភាពបន្ថែម នាពេលខាងមុខ។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២គ្រោងនឹងរៀបចំឡើង នៅរាធានីភ្នំពេញ ពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លើ៨ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ IFT ស្មើនឹង ៣៤វិញ្ញាសា សរុប ៤២៩មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១,៦៧៧នាក់ មកពី២៥រាជធានី-ខេត្ត។

លោក ម៉ាង គុណណូ ប្រធានផ្នែកប្រតិបត្តិការណ៍ពាណិជ្ជកម្មក្រុមហ៊ុនភេសជ្ជៈ ម៉ៃឡូ បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍នេះ គឺដើម្បីគាំទ្រដល់សកម្មភាពកីឡារបស់កម្ពុជា ជាពិសេសគឺបានចាប់ដៃគូសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០០០ មកម្លេះ។ អ្វីដែលសំខាន់ គឺយើងចង់ផ្សាភ្ជាប់របស់ផលិតផល ម៉ៃឡូ ជាមួយវិស័យកីឡាជាពិសេសគឺកុមារ និងយុវជន ដើម្បីជំរុញឲ្យពួកគាត់មានសុខភាពល្អ និងការសិក្សារបស់ពួកគាត់ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner