កម្ពុជាត្រៀមរៀបចំវេទិកា ARF DOD (Video Inside)
កម្ពុជានៃប្រធានអាស៊ាន គ្រោងនឹងរៀបចំកិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាតំបន់អាស៊ាន ARF DOD នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ, កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាតំបន់អាស៊ាន នឹងមានការចូលរួមពីបណ្តាប្រទេស សមាជិកអាស៊ានទាំង១០ និងប្រទេសក្រៅអាស៊ានដែលជាសមាជិកវេទិកាតំបន់ អាស៊ាន និង ប្រទេសនៃដៃគូអាស៊ានដូចជា៖ អូស្ត្រាលី, បង់ក្លាដេស, កាណាដា, ចិន, ឥណ្ឌា, ជប៉ុន, នូវែលហ្សេឡង់, សាធារណរដ្ឋកូរ៉េ, រុស្ស៊ី, សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ប៉ាពូអាហ្គីណេ, ស្រីលង្កា, ទីម័រខាងកើត, សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។
កិច្ចសន្ទនានៃវេទិកាតំបន់អាស៊ាន នឹងផ្តោតលើប្រធានបទចំនួន៣ រួមមាន៖
*ទី១៖ តួនាទីសា្ថប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩
*ទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងការពារជាតិក្រោយវិបត្តិកូវីដ១៩
*ទី៣៖ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។
សេចក្តីប្រកាសក្រសួងការពារជាតិថ្លែងថាកិច្ចសន្ទនានៃវេទិកាតំបន់អាស៊ាន នឹងអញ្ជើញចូល រួមនិងដឹកនាំដោយអគ្គនាយករងនសអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសលោក ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា និងក្នុងវេទិកានោះទៀត នឹងមាន ការផ្តល់សន្ទរកថាគន្លឹះ ស្វាគមន៍ពីអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក្រោមមូលបទ «សាមគ្គីដើម្បីសន្តិសុខ ប្រកបដោយសុខដុម»។