តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ផ្តល់អាគារសិក្សាមួយខ្នង ៣បន្ទប់ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យពីងពង់ ខណៈអ្នកគ្រប់គ្រងយកបណ្ណាល័យឱ្យសិស្សរៀន
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានផ្តល់អគារសិក្សា ១ខ្នងមាន ៣បន្ទប់ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យពីងពង់ ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោយអ្នកគ្រប់គ្រងសាលានេះបានយកបណ្ណាល័យឱ្យសិស្សរៀន។ ការសម្រេចផ្តល់នេះបានធ្វើឡើងក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់អគារបណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍នាថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២ក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យពីងពង់ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អគារបណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍បានកសាងក្រោមការចូលរួមពីសប្បុរសជនក្នុងស្រុក ដែលចំណាយថវិកាអស់ប្រមាណជាង ៣ម៉ឺនដុល្លារ មានទំហំ ៨.៥ម៉ែត្រ គុណនិង ១៦ម៉ែត្រ។ អាគារបណ្ណាល័យនេះដែរសង់ឡើងក្នុងគោលបំណងផ្ទុកសៀវភៅឯកសារនានាដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានសិក្សាស្រាវជ្រាវបន្ថែម និងចងក្រងឯកសារថ្មីៗសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្របន្ត។ ប៉ុន្តែដោយអគារសិក្សាមួយខ្នងនៃសាលាបឋមសិក្សានិងអនុវិទ្យាល័យពីងពង់មានភាពទ្រុឌទ្រោម សិស្សមិនអាចរៀនបាន អ្នកគ្រប់គ្រងសាលាក៏បានយកបណ្ណាល័យដែលសាងសង់រួចរាល់នេះឱ្យទៅសិស្សានុសិស្សរៀនបណ្តោះអាសន្នដោយក្នុងនោះបណ្ណាល័យត្រូវបានចែកជា២បន្ទប់២ថ្នាក់។
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលថ្មីដែលបង្ហាញពីការអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នកូនក្មួយមានសំណាងបានកាន់ប៊ិច កាន់សៀវភៅដើរចូលសាលា មិនចាំបាច់ពិបាកក្នុងការសាងសង់អាគារដោយខ្លួនឯងដូចកាលពីអ៊ុ ពូ មីង នៅជាសិស្សដូចប្អូនៗ ក្មួយៗមានសំណាងដែលទទួលបានអាគារសិក្សាថ្មី និងបណ្ណាល័យដើម្បីសិក្សារៀនសូត្រ និងស្វ័យសិក្សា។
ពេលនេះបណ្ណាល័យត្រូវបានដាក់ឱ្យកូនក្មួយរៀនបណ្តោះអាសន្នរងចាំសាលាសាងសង់រួចរាល់ នោះកូនក្មួយនិងវិលទៅសិក្សានៅសាលាថ្មីវិញ ហើយបណ្តាល័យនិងត្រូវក្លាយជាជង្រុកផ្ទុកឯកសារសម្រាប់កូនក្មួយក៏ដូចលោកគ្រូ អ្នកគ្រូ អាចសិក្សាស្រាវជ្រាវនូវទ្រឹស្តី ចំណេះជំនាញបន្ថែម ហើយក៏សូមជួយថែរក្សាផងដើម្បីផ្តល់លទ្ធភាពឱ្យកូនក្មួយជំនាន់ក្រោយៗអាចសិក្សារៀនសូត្របន្តបាន។
សូមបញ្ជាក់ផងដែរថា ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងនៃអគារចាស់ទ្រុឌទ្រោមមួយខ្នងនៅក្នុងសាលារៀនខាងលើនេះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានស្នើឱ្យក្រុមការងារសិក្សាលទ្ធភាពនៅក្នុងការសាងសង់អគារថ្មីមួយខ្នងមានចំនួនបីបន្ទប់ ជំនួសឱ្យអគារដែលចាស់ទ្រុឌទ្រោម ដើម្បីផ្តល់ជូនជាកាដូរបន្ថែមជូនទៅដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំដំណាក់រាំងផងដែរ៕
ដោយ៖ម៉ុន សំអាត