សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានាធិបតីសហរដ្ឋអាមេរិក ថា នឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា

ភ្នំពេញ៖ យោងតាមលិខិតឆ្លើយតបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧតុ្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទទួលបាននៅថ្ងៃទី២៨មេសា ឆ្នាំ២០២២ បានបញ្ជាក់ថា សម្ដេច នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។

ក្នុងសារលិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា៖ សូមអរគុណឯកឧតុ្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញសម្ដេចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ សម្ដេច មានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។

សម្ដេចតេជោ ជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខ មួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំរបស់កម្ពុជា ក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។ សម្ដេចជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការត្រៀមធ្វើការជិតស្និទ្ធជាមួយជាមួយឯកឧតុ្តម ប្រធានាធិបតី ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមេសា ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃឌិន បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញសម្ដេចតេជោ ចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២ ដល់១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕
ដោយ : វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner