សម្តេចតេជោ ហ៊ុន សែន ណែនាំដល់គ្រូបង្វឹក និងប្រតិភូកីឡា ដែលទៅប្រកួតស៊ីហ្គេម នៅវៀតណាម ត្រូវដកស្រង់បទពិសោធន៍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់គ្រូ បង្វឹកកីឡា និងកីឡាករ កីឡាការនី ដែលទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ត្រូវដកស្រង់បទពិសោធន៍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ សម្ដេចសង្ឃឹមថា ពេលយើងធ្វើជាប្រធានស៊ីហ្គេម ២០២៣ កម្ពុជា អាចទទួលអ្នកទស្សនាការប្រកួតផ្ទាល់បាន ដោយសារភាពធូរស្រាល នៃជំងឺកូវីដ១៩។ សម្តេច មានប្រសាសន៍ទៀតថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា នឹងចំណាយថវិកាប្រមាណ ៤០លានដុល្លារ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូកីឡា ចំនួន៥៦០នាក់ មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពកីឡាករ កីឡាការិនី គ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ ហើយការចេញទៅប្រកួតលើកនេះសរុបទាំងអស់មានចំនួន៥៦០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំប្រមាណជាង៤០នាក់ ដែលនេះចំនួនដ៏សមស្របមួយ។

សម្តេចតេជោបានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ថា ពេលចេញទៅប្រកួត គឺតំណាងឱ្យជាតិទាំងមូល ដូចនេះសេចក្តីថ្លៃថ្នូររបស់ជាតិ គឺពិតជាសំខាន់ណាស់ ។ យើងមិនត្រូវធ្វើអ្វីដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍ណែនាំដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំងជាដើម។សម្ដេច បានប្រាប់ទៅក្មួយៗ ជាកីឡាករ កីឡាការិនី ត្រូវដឹងឱ្យច្បាស់ថា ការទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម គឺកាន់ទង់ជាតិកម្ពុជា ទៅជាមួយ ដូច្នេះក្មួយៗ ត្រូវតែដឹងថា នៅជាប់នឹងខ្លួនក្មួយៗនោះ មានតួអង្គព្រះមហាក្សត្រ, មានតួអង្គនីតិបញ្ញត្តិ ដែលមានរដ្ឋសភា ព្រឹទ្ធសភា, មានតួអង្គនីតិប្រតិបត្តិ ជាពិសេស មានប្រជាជនជិត ១៧លាននាក់ ដែលនៅជាមួយនឹងក្មួយៗ ។

ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅលើលោកនេះ មានតែវិស័យកីឡាទេ ដែលមានស្ដង់ដាររួម កុំនិយាយស្ដង់ដារអន្តរជាតិ លើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះ បញ្ហានោះ គឺគ្មានទេ ។ សម្តេចលើកឡើងថា ប្រជាធិបតេយ្យ សិទ្ធិមនុស្សជាដើម អត់មានស្តង់ដារអន្តរជាតិទេ ព្រោះចំណុចវាខុសគ្នា។ សម្តេចបន្តថា និយាយពីប្រទេសបិតាប្រជាធិយតេយ្យ គេអនុវត្តស្តង់ដារខុសគ្នា មានប្រជាជនគាំទ្រជាង ៤០% អាចធ្វើប្រធានាធីបតីបានហើយព្រោះថាយើងមើលប្រជាជនមានជាង ៧០% ទៅបោះឆ្នោត ចឹងមានពាក់កណ្តាលបោះឱ្យអ្នកឈ្នះឆ្នោតដែលមានតែប្រមាណជិត ៤០% ប៉ុន្នឹង។ សម្តេចបន្ថែមថា បារាំងបើមិនលើស ៥០% ទេមិនអាចធ្វើប្រធានាធិបតីបានទេចឹងត្រូវធ្វើ ២ជុំ ។ ជុំទី១ បើមិនអាចរកអ្នកមានសម្លេងលើស ៥០% បូក១ បាន គេបោះឆ្នោតជុំទី ២ ដែលយកអ្នកលេខ ១ លេខ ២ យកមកបោះឆ្នោត។ សម្តេចបន្តទៀតថា ប្រជាធិបតេយ្យវាអត់ដំណើរការដូចគ្នាទេ ប្រទេសខ្លះប្រកាន់យករបបប្រធានាធីបតី ខ្លះ របបសភា របបប្រធានាធីបតីអំណាចលើប្រធានាធីបតី របបសភា អំណាចលើនាយករដ្ឋមន្ត្រី ។ អ៊ីចឹង ត្រូវស្គាល់ប្រព័ន្ធរបស់វា សម្ដេចនិយាយនេះ គឺចែករំលែកអ្នកមិនចេះ តែធ្វើចេះនោះ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការពិចារណាបំលាស់ទីអ្នកជំងឺកូវីដ-១៩ពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លងម៉ែ ឬកន្លែងផ្សេង ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ការប្រកួតកីឡាផ្សេងៗពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយ។ ការបំលាស់ទីតាំងអ្នកជំងឺនេះ សម្តេចតេជោបានផ្តល់យោបល់ថា អាចយកពួកគាត់ទៅមណ្ឌលចាក់អង្រែ ឬទៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ព្រែកព្នៅ តែមណ្ឌលនេះបើតាម ឯកឧត្តម ឃួង ស្រេង ថាអាចនឹងសាងសង់រួចរាល់ដើមឆ្នាំ២០២៣។ សម្តេចតេជោ ក៏បានបង្ហាញពីគោលបំណងចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីកនាពេលខាងមុខផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ-១៩ បានថមថយក៏ពិតមែន តែកម្ពុជា មិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ គឺយើងត្រូវតែបន្តការការពារជាបន្តទៀត ។

នៅក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ឱ្យខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យជំនះបន្ថែមទៀត ។ សម្តេចតេជោ បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន៥៦០នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារ សម្រាប់ការធ្វើដំណើរ ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner