ឯកឧត្តម សុខ សុគុណ ៖ វិស័យទេសចរណ៍បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ខេត្តកែប ៖ ឯកឧត្តម សុខ សុគុណ អគ្គនាយករង ផ.អ.ស.អ និងជាប្រធានចាត់ចែងគម្រោង នៃក្រសួងទេសចរណ៍ ថ្លែងថា វិស័យទេសចរណ៍បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅខេត្តកែប ក៏ដូចជានៅកម្ពុជា ។

ឯកឧត្តម សុខ សុគុណ បានថ្លែងបែបនេះ ក្នុងពិធី ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវផែនការទីផ្សារទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០២៥ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ។

លោកស្រី អ៊ុល ភីរុណ អភិបាល រងខេត្ត មានប្រសាសន៍ថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ ដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ទាក់ទាញទីផ្សារទេសចរណ៍ដែលមានគុណភាព និងមានសក្តានុពល សម្រាប់ទេសចរលំដាប់ខ្ពស់ ទេសចរវ័យចំណាស់ ចូលនិវត្តន៍ និងទេសចរធ្វើដំណើរជាលក្ខណ:គ្រួសារ ។

ជាការពិតណាស់ ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២១-២០២៥នេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយបានអនុលោមតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មនៅខេត្តកែបឆ្នាំ២០២១-២០២៥ ជាពិសេស ការចូលរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់ និងទេសចរពិសេស ដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា និងពិភពលោក ក្នុងពេលដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ដល់វិស័យទេសចរណ៍ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម សុខ សុគុណ បានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅខេត្តកែប ក៏ដូចជានៅកម្ពុជា តាមរយៈការផ្តល់ឱកាសការងារនឹងអាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ហើយផែនការទីផ្សារទេសចរណ៍ខេត្តកែប (២០២១-២០២៥) នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការ បង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ ប្រព័ន្ធទីផ្សារឌីជីថល ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម សុខ សុគុណ ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមគាំទ្រ និងសហការអនុវត្តផែនការទីផ្សារទេសចរណ៍នេះ ឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យគោលបំណង និងគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពអាទិភាពដែលបានកំណត់ក្នុងផែនការទីផ្សារទេសចរណ៍ខេត្តកែប ប្រកបដោយចិរភាព បរិយាបន្ន និងការទទួលខុសត្រូវ ៕ ប្រភព ៖ ខេត្តកំពត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner