រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី 

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដែលមកបំពេញទស្សនកិច្ច និងចូលរួមវេទិកាធុរកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការបរទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យម មកពីប្រទេសម៉ាឡេស៊ី ចំនួន៥៣រូប កាលពីម្សិលមិញ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់អាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ម៉ាឡេស៊ី គឺនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមប្រទេសអាស៊ាន បើគិតពីតម្លៃវិនិយោគទុននៅកម្ពុជា។ ទន្ទឹមនេះដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបញ្ជូនពលករជាងពីរពាន់នាក់ក្នុងមួយឆ្នាំៗ ទៅកាន់ប្រទេសម៉ាឡេស៊ី។ ជាក់ស្តែង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀត បើទោះបីជាយើងបាននឹងកំពុងជួបវិបត្តិនៃជំងឺរាតត្បាតក៏ដោយ៕ 

ដោយ៖ពលជ័យ

ads banner