ក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់គណបក្សខ្មែរស្រឡាញ់ជាតិ 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបទៅលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ 

សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅលោក ជីវ កត្តា ថា ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយបានបោះឆ្នោតអនុម័តសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈ ទទួលស្គាល់សមាសភាពគណៈកម្មាធិការនាយកចំនួន ៤៥រូប និងសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៨រូប ព្រមទាំងសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស គឺទី១.លោក ជីវ កត្តា ជាប្រធានគណបក្ស ២.លោក តាន់ ទីន ជាអនុប្រធានប្រចាំការគណបក្ស ៣.លោក កង គឹមហាក់ ជាអនុប្រធានគណបក្ស និងទី៤.លោក ខឺយ ស៊ីនឿន ជាអនុប្រធានគណបក្ស។

សម្តេចក្រឡាហោម បានបន្តថា ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានទទួលនូវបញ្ជីឈ្មោះ និងជីវប្រវត្តិសង្ខេបរបស់សមាសភាពថ្នាក់ដឹកនាំតាមរចនាសម្ព័ន្ធដែលបានកំណត់នៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្ស ខ្មែរស្រឡាញ់ជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ការសុំសម្រេចចុះបញ្ជីនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២០។ 

ក្រុមមន្ត្រីអតីតគណបក្សប្រឆាំង បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមេសាឆ្នាំ២០២០។ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺភ្ជាប់ជាមួយស្នាមមេដៃជាង៤ពាន់ស្នាមមេដៃ និងរចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ រួមទាំងឯកសាររដ្ឋបាលផ្សេងៗ។ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺបន្ទាប់ពីក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះគឺបន្ទាប់ពីបានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០៕ 

ដោយ៖ពលជ័យ

ads banner