ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ វិហារលួង និងសង្កាត់សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៨ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែន ដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៧៦៧នាក់នៅសង្កាត់ វិហារលួង និងប្រជាពលរដ្ឋ១០០៤នាក់នៅសង្កាត់សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអោយដឹងថាការជួបជុំគ្នានាពេលនេះគឺក្នុងគោលបំណងដើម្បីបង្ហាញអំពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនៅសល់ត្រឹមតែរយះពេល១ខែ៨ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតនេះនឹងមកដល់។ម្យ៉ាងទៀតការជួបជុំគ្នានេះក៏ធ្វើឡើងក្នុងគោលដៅជំរុញណែនាំដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ត្រៀមខ្លួនកំណត់ទិសដៅអោយបានច្បាស់លាស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។
ឯ.ឧឧបនាយករដ្ឋមន្រ្តីបានកោតសរសើរដល់ឯ.ឧថេងចន្ទសង្វារនិងសហការី ប្រធានសាខាគណបក្សប្រជាជនកម្ពុជាក្រុងសួងនិងសមាជិក សមាជិកាសាខាបក្ស ប្រធានក្រុមប្រឹក្សាសង្កាត់និងប្រធានក្រុមប្រឹក្សាក្រុងសួង យុវជននៅក្នុងក្រុងសួងទាំងមូលក៏ដូចជាក្នុងសង្កាត់វិហារលួងនិងសង្កាត់សួងដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជាដែលធ្វើអោយសមាជិក ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្កាត់វិហារលួងនិងសង្កាត់សួងមានភាពកក់ក្តៅរីករាយរស់នៅប្រកបទៅដោយសេចក្តីសុខ រីឯក្តីកង្វល់និងបញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋក៏ត្រូវបានដោះស្រាយសម្របសម្រួលនៅក្នុងសង្កាត់នេះក៏ដូចជាក្នុងក្រុងសួងទាំងមូល ដែលការវិវត្តន៍ប្រែប្រួលគួរជាទីមោទនះនេះ ធ្វើអោយយើងទាំងអស់គ្នាមានកំលាំងចិត្តបន្ថែមទៀតក្នុងការប្រមូលផ្តុំសកម្មភាពទាំងអស់កាន់តែច្រើន ហើយការខិតខំប្រឹងប្រែងនេះនឹងក្លាយជាឥរិយាបថគំរូមួយសំរាប់សមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា។
ឯ.ឧ ឧបនាយករដ្ឋមន្រ្តីបានបន្ថែមថាយើងមានផ្លូវតែមួយគត់នៅក្នុងការបំពេញភារកិច្ចទាំងបក្សនិងរដ្ឋ គឺធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទោះបីរស់នៅទីណាក៏ដោយគឺត្រូវតែមានភាពកក់ក្តៅ និងមានសាមគ្គីភាពដើម្បីការរីកចំរើននិងសេចក្តីសុខហើយតម្រង់ទិសសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារនិងសហគមន៍។ស្របតាមទិសដៅនេះ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាតែងតែដាក់ទិសដៅធ្វើអោយជាតិមាតុភូមិកម្ពុជាទទួលបាននូវសេចក្ដីសុខ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានសំរាប់អោយមាតុភូមិកម្ពុជាកាន់តែមានការរីកចំរើនបន្តទៅមុខទៀតគ្រប់ជំនាន់ ហើយទាំងអស់គ្នាត្រូវចូលរួមថែរក្សាសមិទ្ធិផលនានាដែលយើងទទួលបាននេះអោយបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
ឯ.ឧឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថាទិសដៅរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពសុខសាន្ត រស់នៅប្រកបដោយភាពសប្បាយរីករាយពេញចិត្តនិងគាំទ្រដល់គណបក្សនេះបន្តជារៀងរហូតគ្រប់ដំណាក់កាល គ្រប់អាណត្តិនិងគ្រប់ជំនាន់ បើទោះបីជួបនឹងឧបសគ្គតូចធំយ៉ាងណាក៏ដោយគឺគណបក្សប្រជាជនកម្ពុជាត្រូវតែហ៊ានលះបង់ដើម្បីសេចក្តីសុខនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋអោយខាងតែបាន អាស្រ័យហេតុនេះហើយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានមកជួបជុំគ្នានាពេលនេះគឺសុទ្ធតែជាជនបង្គោលដែលអាចធានាបាននូវការរ៉ាប់រងគ្រប់ដំណាក់កាលតាមតួនាទីភារកិច្ចរបស់ខ្លួនដោយក្នុងនាមជាមន្រ្តីរបស់បក្សគឺត្រូវតែមានភារះក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួនអោយបានច្បាស់លាស់ដើម្បីធានាបាននូវនិរន្តរភាពសំរាប់ជាតិមាតុភូមិ។
ឯ.ឧឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានលើកឡើងថា ជាធម្មតានៅក្នុងរបត់ប្រជាធិបតេយ្យ ការបោះឆ្នោតមានន័យថាជាការប្រកួតប្រជែងដើម្បីដណ្តើមយកសន្លឹកឆ្នោតរឺអាសនះ ប៉ុន្តែចំពោះគណបក្សប្រជាជនកម្ពុជាគឺមិនចាំបាច់ដណ្តើមជាមួយនឹងគណបក្សណាមួយនោះទេដោយសារតែការគ្រប់គ្រងប្រទេសសព្វថ្ងៃនេះគឺដើរទៅតាមផ្លូវត្រឹមត្រូវដែលបានគូសវាសត្រួសត្រាយស្របតាមមាគ៌ានយោបាយរបស់ខ្លួន និងមានបទពិសោធន៍ក្នុងការដឹកនាំប្រទេសបានល្អដែលធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេសមានការរីករាយសប្បាយចិត្តនិងបន្តផ្តល់ការគាំទ្រដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយទទួលបានជោគជ័យគ្រប់អាណត្តិ គ្រប់ជំនាន់និងគ្រប់ការបោះឆ្នោតទាំងអស់៕