ក្រសួងមហាសផ្ទៃប្រកាសព័ត៌មានស្តីពីលទ្ធផលផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើកទី២

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាលើកទី២ ជូនដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមទី២ នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(អ.អ.ផ) តាមរយៈប្រព័ន្ធវីដេអូ ZOOM។

កិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយជូនដល់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ សរុបមានចំនួន២២១រូប ដោយមានវាគ្មិនមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាពជូនដល់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិដែលជាស្ថាប័នអនុវត្តច្បាប់ ក្នុងការចូលរួមការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព ជាពិសេសអំពីបែបបទ នីតិវិធី នៃការអនុវត្តកាតព្វកិច្ច និងវិធានការនានាដូចមានកំណត់ក្នុងច្បាប់ ដើម្បីបំពេញកាតព្វកិច្ចតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF)។

ទន្ទឹមនេះសិក្ខាសាលាបានចែករំលែកនូវបទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការអនុវត្តសេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ព្រមទាំងបានផ្តល់ឱកាសឱ្យសិក្ខាកាមពិភាក្សា និងលើកជាសំណួរពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ និងក្របខណ្ឌគតិយុត្ត បែបបទ នីតិវិធី នៃការចូលរួមអនុវត្តច្បាប់ ពិសេសតួនាទីរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងកិច្ចការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ជាលទ្ធផល សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ ទទួលបានការយល់ដឹងអំពីខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បែបបទ នីតិវិធី នៃការអនុវត្តច្បាប់ និងកាតព្វកិច្ចដូចចែងក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន ព្រមទាំងបានលើកទឹកចិត្ត និងជំរុញឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិបន្តកិច្ចសហការ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់មន្ត្រីរាជការ និងបុគ្គលពាក់ព័ន្ធសំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner