ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានទទួលជួបលោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងក្រោមមូលនិធិ BLF នេះនៅប្រទេសកម្ពុជា។

បញ្ជាក់ក្នុងជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន លោកស្រី Timsin Ballard បានឱ្យដឹង ថា មូលនិធិ BLF ផ្ដោតអាទិភាពលើការងារចំនួន ៣ គឺ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។

ចំណែកឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមបានថ្លែងដែរថា សម្រាប់កម្ពុជា អាទិភាពអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍដោយចីរភាព ការពង្រឹងអភិបាលកិច្ច និងការពង្រីកច្រកពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ជាពិសេសការនាំចេញផលិតផលសហគមន៍មូលដ្ឋាន ដូចជា អង្ករ (blueberry rice) ស្វាយចន្ទី និងចេក ការលក់ឥណទានកាបូន និងការវិនិយោគលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងការអភិវឌ្ឍទេសចរណ៍។ ល្គឹកណាប្រជាសហគមន៍មូលដ្ឋាននៅតែប្រឈមនឹងភាពក្រីក្រ យើងមិនអាចនិយាយអំពីកិច្ចការអភិរក្សបានឡើយ។

លោកស្រី Timsin Ballard បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា អាទិភាពអភិវឌ្ឍន៍ទាំងនេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងគោលដៅ និងគោលបំណងរបស់មូលនិធិ BLF ហើយលោកស្រីនឹងជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់រវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយមានក្រសួងបរិស្ថានជាស្ថាប័នបង្គោល ក្នុងការអនុវត្តគម្រោងក្រោមមូលនិធិនេះ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner