មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដា្ឋនពន្ធដារ៖ ចំណូលពន្ធលើសផែនការដោយសារតែប្រទេសមានសុខសន្តិភាព

កំពង់ស្ពឺ:មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពន្ធដារ លោក កែន សម្បត្តិ បានលើកឡើងថា ការប្រមូលពន្ធបានលើសផែនការគឺដោយសារតែប្រទេសមានសុខសន្តិភាព ពលរដ្ឋមានជីវភាពល្អប្រសើរ។ ការលើកឡើងដូច្នេះក្នុងពេលលោកបានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ចនិងតែងតាំងប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា វិស័យពន្ធដារជាវិស័យមួយក្នុងការគ្រប់គ្រងចំណូល ដូចនេះសាខាពន្ធដារខេត្តមានតួនាទីយ៉ាងសំខាន់ក្នុងការរកចំណូលដើម្បីធានាការចំណាយរបស់រដ្ឋ ក៏ដូចជាខេត្តឱ្យមានតុល្យភាព ។ដូច្នេះសាខាពន្ធដារខេត្តត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ដោយផ្តោតសំខាន់ការអនុវត្តច្បាប់ពន្ធដារ និងលិខិតបទដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ធ្វើយ៉ាងណាគ្រប់គ្រងចំណូលពីមួយឆ្នាំទៅមួយឆ្នាំឱ្យមានការរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់។

លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ដោយម្លប់នៃសន្តិភាពបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបមុខរបររកស៊ីទទួលទាននិងធ្វើឱ្យពួកគាត់មានជីវភាពធូរធារ។ ទន្ទឹមនិងឱកាសការងាររកស៊ី រួមនិងជីវភាពធូរធាររបស់បងប្អូនប្រជាពលរដ្ឋផងនោះ បានសម្រួលដល់ការងារប្រមូលពន្ធរបស់មន្ត្រីសាខាពន្ធដារក្នុងការរកចំណូលជូនជាតិមាតុភូមិ។ ហើយ រយៈកាលកន្លងមកមន្ត្រីជំនាញពន្ធដារបានប្រមូលពន្ធលើសផែនការជារៀងរាល់ឆ្នាំ ក្នុងនោះសម្រាប់សាខាខេត្តកំពង់ស្ពឺលើសផែនការរហូតដល់លេខពីរខ្ទង់។

លោក បានបញ្ជាក់បន្ថែមថា ជោគជ័យដ៏ល្អប្រសើរនេះគឺផ្តើមចេញពីប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស ព្រមទាំងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពហិរញ្ញវត្ថុ។ កត្តាទាំងនេះបានផ្ដល់ឱកាសឱ្យប្រជាជនក្នុងការប្រកបធុរកិច្ចរបស់ខ្លួន និងជាពិសេសទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជា ដែលបង្កើតបានជាមូលដ្ឋានសម្រាប់ការប្រមូលពន្ធចូលថវិការដ្ឋ និយាយជារួមកត្តាសន្តិភាពជាកត្តាចម្បង ដែលប្រជាពលរដ្ឋទាំងអស់ត្រូវអរគុណសន្តិភាព ។

លោក កែន សម្បត្តិ ក៏បានណែនាំផងដែរដល់ប្រធានសាខាពន្ធដារថ្មី ត្រូវបន្តខិតខំដោយមិនបន្ធូដៃនូវការកែទម្រង់នានាសំដៅពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការកៀរគរចំណូលពន្ធចូលថវិកាជាតិឱ្យអស់សក្តានុពល ដូចប្រសាសន៍ណែនាំដ៏ឧត្តុង្គឧត្តម និងថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ថា “ការកែទម្រង់គឺជាការស្លាប់ រស់ ហើយយើងគ្មានជម្រើសក្រៅពីការកែទម្រង់នោះទេ”។

ប្រការនេះ ត្រូវខិតខំប្រមូល ចំណូលឱ្យអស់លទ្ធភាព និងសក្តានុពលដែលមាន ដោយត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ និងត្រូវចាប់យក “យុទ្ធសាស្ត្រកៀរគរ ចំណូល ២០១៩-២០២៣ ធ្វើជាត្រីវិស័យ សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុង ជា ពិសេស ត្រូវបន្តផ្តោតលើចំណុចសំខាន់ពីរគឺ១-ការកែលំអរដ្ឋបាលសារពើពន្ធ តាមរយៈការកែលំអ ស្ថាប័ន ទំនើបកម្មប្រព័ន្ធគ្រប់គ្រងការងារ ការកែលំអរអភិបាលកិច្ច របៀបរបបការងារ ការផ្លាស់ប្ដូរផ្នត់ គំនិតការងារ និងទី២-ការលើកកម្ពស់វប្បធម៌បង់ពន្ធគឺត្រូវណែនាំឱ្យអ្នកមានកាតព្វកិច្ចបង់ពន្ធមានទម្លាប់បង់ពន្ធ ហើយត្រូវមានភាពគត់ម៉ត់ក្នុងការងារ ចំពោះអ្នកមានកាតព្វកិច្ចបង់ពន្ធ គឺធ្វើយ៉ាងណា ឱ្យអ្នកជាប់ពន្ធមកបង់ពន្ធឱ្យបានគ្រប់ៗគ្នា ហើយធ្វើឱ្យអ្នកបង់ពន្ធសប្បាយចិត្តគឺកាន់តែប្រសើរ ថែមទៀត៕
ដោយ៖ម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner