រថយន្ត prius បុករបាំងពុះទ្រូងផ្លូវបាក់រប៉ាត់រប៉ាយ និងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី
ភ្នំពេញ ៖ រថយន្ត toyota prius មួយគ្រឿងបានបុករបាំងជ័រពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយ ៦កង់ និងវៀចជាច្រើនកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែករថយន្តខ្ទេចមួយចំហៀងផ្នែកខាងមុខ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តtoyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2BD-6502 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែម្ចាស់ស្រវឹងបានរេចង្កូតទៅបុករបាំងជ័រពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយអស់៦កង់ នឹងវៀចជាច្រើនកង់រួមនិងបង្គោលភ្លើងមួយដើមទៀតបាក់រាបដល់ដី ចំណែករថយន្តបង្កខ្ទេចមួយចំហៀងមុខ ។ ភ្លាមនោះគេឃើញអ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា