កីឡាករវាយសីវ័យក្មេង សុខ រីករាយ ចូលស៊ីហ្គេម លើកដំបូង តាំងចិត្តយកមេដាយជូនកម្ពុជា
កីឡាករជម្រើសជាតិវាយសីកម្ពុជា សុខ រីករាយ កំពុងដាក់ចិត្តដាក់កាយហ្វឹកហាត់ ក្នុងជំរុំបិទខ្ទប់ នាពហុកីឡដ្ឋានមរតកតេជោ ដោយបង្ហាញជំហរមុតមាំបង្កើនសមត្ថភាពប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
កីឡាករវ័យ១៨ កំពុងពេញកម្លាំងរូបនេះ អះអាងថា ការចូលរួមលើកដំបូងនៅស៊ីហ្គេម ប្តេជា្ញចិត្តប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកមេដាយមកជូនកម្ពុជា ត្បិតបច្ចុប្បន្ន គេទទួលបានការបំពាក់បំប៉នបច្ចេកទេសបន្ថែមពីគ្រូសញ្ជាតិចិន។
សុខ រីករាយ ពន្យល់ថា ប្រទេសចំនួន៤ជាឧបសគ្គ មានម៉ាឡេស៊ី ឥណ្តូនេស៊ី វៀតណាម និងថៃ ក្នុងការដណ្តើមមេដាយយ៉ាងណាក្តី ក៏នៅតែសង្ឈឹមជឿជាក់លើសមត្ថភាព ដែលខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងដំណើរការ នាអំឡុងខែឧសភានេះ កីឡាករ សុខ រីករាយ ត្រូវប្រជែងលើ៣វិញ្ញាសា មានដូចជា ប្រកួតឯកក្តជន វាយគូ និង ប្រកួតវាយជាក្រុម ៕ អត្ថបទ៖ ជាវ ចន្ធូ