លោក ហ្គូធឺរែស រិះគន់ចំៗលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការបរាជ័យទប់ស្កាត់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន
កៀវ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បានចូលរួមធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកំលុងបំពេញទស្សនកិច្ចមកកាន់ទីក្រុងកៀវ ក្នុងសប្តាហ៍នេះ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងកៀវ លោក ហ្គូធឺរែស បានធ្វើការរិះគន់ចំៗលើក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ដោយផ្ទាល់ ចំពោះការបរាជ័យក្នុងការទប់ស្កាត់ ឬបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយថា នេះជាប្រភពនៃការខកចិត្ត និងការខឹងសម្បារយ៉ាងខ្លាំង។
លោក ហ្គូធឺរែស បានបញ្ជាក់ដូច្នេះថា ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា UNSC បានបរាជ័យក្នុងការធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបញ្ចប់សង្គ្រាមនេះ។ លោក ហ្គូធឺរែស បានសង្កត់ធ្ងន់ថា UNSC ដែលមានសមាជិកចំនួន ១៥ ប្រទេស មានភារកិច្ចជាពិសេសក្នុងការធានាសន្តិភាព និងសន្តិសុខពិភពលោក។
ប៉ុន្តែខ្លួនបានប្រឈមមុខនឹងការរិះគន់ពីពិភពលោក រួមទាំងពីរដ្ឋាភិបាលអ៊ុយក្រែនផងដែរ ចំពោះការខកខានក្នុងសកម្មភាពចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅក្នុងខែកុម្ភៈមក។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍បានអះអាងថា រុស្ស៉ីបានបាញ់មីស៊ីល ២គ្រាប់ចូលទីក្រុងកៀវ កំលុងដំណើរទស្សនកិច្ចរបស់លោក ហ្គូធឺរែស ខណៈទីក្រុងម៉ូស្គូកំពុងបង្កើនការការវាយលុកលើតំបន់ដុនបាស់។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន មីស៊ីលទាំង ២គ្រាប់នេះបានធ្លាក់ចំតំបន់ សេវឈិនកូ ក្នុងទីក្រុងកៀវ ហើយក្នុងចំណោមមីស៊ីលទាំង ២គ្រាប់នេះ មានមួយគ្រាប់ធ្លាក់ចំអគារស្នាក់នៅមួយមានកម្ពស់ ២៥ជាន់ ធ្វើឱ្យមនុស្ស ១០នាក់រងរបួស ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា + បុត្រា