លោក ហ្សេលេនស្គី៖ ការបញ្ចប់សង្រ្គាម គឺជាមូលដ្ឋានគ្រឹះក្នុងការទប់ស្កាត់វិបត្តិស្បៀងអាហារ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ការធ្វើសង្គ្រាមជាមួយរុស្ស៊ីកំពុងរារាំងប្រទេសខ្លួន ពីការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ដល់ពិភពលោក ហើយក៏កំពុងបង្កឱ្យមានវិបត្តិជាសកលផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស លោក ហ្សេលេនស្គី បាននិយាយថា ក្រៅពីការជម្លៀសប្រជាជនចេញពីទីក្រុងម៉ារីយូប៉ូល ពួកលោកក៏បានពិភាក្សាអំពីការបើកច្រកកំពង់ផែរបស់អ៊ុយក្រែនឡើងវិញ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានអំពីវិបត្តិស្បៀងអាហារដែលកំពុងកើតឡើង ដែលអាចបង្កឱ្យមានភាពចលាចលសង្គមនៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក។ទន្ទឹមគ្នា IMF ក៏បានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ទ្វីបនេះ ចុះមកនៅត្រឹម៣.៨% ពី៤.៥%កាលពីដំបូង។
នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន IMF បានបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានបណ្តាលឱ្យការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល និងស្បៀងអាហារ ដែលអាចបំផ្លាញសន្តិសុខស្បៀងក្នុងតំបន់, បង្កើនអត្រាភាពក្រីក្រ, បង្កើនវិសមភាពប្រាក់ចំណូល និងអាចនាំឱ្យមានភាពចលាចលក្នុងសង្គម៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា + បុត្រា