កីឡាជឺជីតស៊ូ រុះរើក្បាលម៉ាស៊ីនថ្មី ដើម្បីជំរុញការអភិវឌ្ឍ និងពង្រីកសក្ដានុពល ជាពិសេសឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣
សហព័ន្ធកីឡាខ្មែរកីឡាជឺជិតស៊ូកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៧-២០២១ និងបន្ដអាណត្តិទី២ ឆ្នាំ២០២១-២០២៥ ខណៈក្បាលម៉ាស៊ីនសហព័ន្ធ ត្រូវបានរុះរើសថ្មីស្ទើទាំងស្រុង ក្រោមការរៀបចំ និងគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ដើម្បីជំរុញការអភិវឌ្ឍ និងពង្រីកសក្ដានុពល ជាពិសេសឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ។
មហាសន្និបាតនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកប្រតិបត្តិ នៃសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជាផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កីឡាជឺជីតស៊ូ គឺជាកីឡាសក្ដានុពលកម្រិតខ្ពស់ ដែលមានលទ្ធភាពដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍អន្ដរជាតិគ្រប់កម្រិត តែដោយសារសហព័ន្ធ ពុំសូវមានសកម្មភាព ខ្វះភាពកក់ក្ដៅ ការដឹកនាំ និងការជួយជ្រោមជ្រែង ទើបក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចធ្វើការកែសម្រួល និងរៀបចំសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មីឡើងវិញ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ និងពង្រីកសក្ដានុពលកីឡាមួយនេះឲ្យកាន់តែខ្លាំងបន្ថែមទៀត។
តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី នឹងរួបរួមគ្នាបន្ដដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាជឺជីតស៊ូកម្ពុជាឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងការប្រកួតធំៗជាច្រើនទៀត នាថ្ងៃអនាគត ដើម្បីស្វែងរកឧត្ដមភាពលើឆាកអន្ដរជាតិ ជូនជាតិ ដូចដែលកីឡាការិនីឆ្នើម ខាន់ ចេសា ធ្លាប់ដណ្ដើមបានជូនជាតិ នាពេលកន្លងមក ។
គួរបញ្ជាក់ថា លោកបណ្ឌិត សេង ប៊ុនសុង ត្រូវបានតែងតាំងជាប្រធានសហព័ន្ធ ខណៈលោក ថោង ធន ដែលជាអគ្គលេខាធិការសហព័ន្ធអាណត្តិចាស់ ត្រូវបានតែងតាំងជាអនុប្រធាន រួមជាមួយលោក Pass Jasper Martijn ជាអនុប្រធាន, លោក សៀន សុភ័ក្ដ្រ ជាអគ្គលេខាធិការ និងឯកឧត្តម ប៊ុត សុទ្ធិ ជាអគ្គលេខាធិការង, លោក អន សុវឌ្ឍីយ៉ា ជាអគ្គហេរញឹក និងលោក សៀន សុភា ជាអគ្គហេរញ្ញិករង រួមទាំងសមាជិក ៤រូបផ្សេងទៀត សម្រាប់អាណត្តិទី២ ឆ្នាំ២០២១-២០២៥ ៕ ចាន់ វិចិត្រ