រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ គិតត្រឹមខែកុម្ភៈ ឆ្នាំនេះ ម៉ាឡេស៊ី ឈរនៅលំដាប់ទី៣ នៃអ្នកវិនិយោគ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន ៥៣រូប នាក្នុងឱកាសដំណើរបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជាកាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។
បេសកកម្មធុរកិច្ចនេះ ត្រូវបាន រៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំប្រមាណ ៥០០ លានដុល្លារក្នុងឆ្នាំ២០២១ ដោយកើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំ២០២០។
បន្ទាប់ពីជំនួបសម្តែងការគួរសម ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបចំពិធីទទួលស្វាគមន៍អាហារពេលល្ងាច ព្រមទាំងបានឆ្លៀតឱកាសក្នុងការផ្សព្វផ្សាយពីម្ហូប និងផលិតផលខ្មែរ ដល់គណៈប្រតិភូម៉ាឡេស៊ី។
ពិធីស្វាគមន៍នេះ ក៏មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ៕ ដោយ :សួង ពិសិដ្ឋ