ឯកឧត្តម សុខ សប្បាយណា ៖ បញ្ជាក់ថា យកការប្រកួតកីឡាបឋមសិក្សា ជាការជម្រុញផ្សព្វផ្សាយព្រឹត្តការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការ បានបញ្ជាក់ថា យកការប្រកួតកីឡាបឋមសិក្សា ជាការជម្រុញផ្សព្វផ្សាយព្រឹត្តការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ការលើកឡើងបែបនេះធ្វើនៅក្នុងកិច្ចប្រជុំ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្តីពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការប្រកួតនេះមាន៨ប្រភេទកីឡា ពីថ្ងៃទី២៩មេសា ដល់៨ខែឧសភា ឆ្នាំ២០២២។ គោលបំណងចម្បងនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ត្រូវបានចាត់ទុកថា ជាការប្រមូលផ្ដុំកីឡាករ កីឡាការិនីជាសិស្សានុសិស្ស ដែលស្រឡាញ់វិស័យកីឡាឲ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំង បញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ បន្ថែមពីលើនេះ ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡារូបនេះក៏បានលើកបង្ហាញពីការជំរុញឲ្យកីឡាករ កីឡាការិនីជាសិស្សបឋមសិក្សាអាចនឹងក្លាយជាថ្នាល នៃមូលដ្ឋានគ្រឹះ ក្នុងការបន្តអភិវឌ្ឍសមត្ថភាពស្របតាមទេពកោសល្យ ព្រមទាំងអាចឈានដល់ការចូលរួមប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃអនាគតទៀតផង ។
ក្នុងឪកាសនោះ ឯកឧត្តម សុខ សប្បាយណា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំត្រៀមលក្ខណៈ ការប្រកួតនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏ បានជំរុញឲ្យគណៈកម្មការជំនាញផ្តល់ភាពយុត្តិធម៌ដល់ការប្រកួត និងលើកកម្ពស់ឲ្យកីឡាករ កីឡាការិនី ដែលជាកុមារចូលរួមប្រកួតគោរពឲ្យបាននូវបទបញ្ជាការប្រកួត ស្មារតីកីឡា ក្នុងគោលបំណងជំរុញឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អ។ ឯកឧត្តម បញ្ជាក់ជូនថា កីឡានាំមកនូវវិន័យ ក្រមសីលធម៌សម្រាប់កីឡាករ កីឡាការិនី ជាពិសេសកុមារ និងយុវជន តាមរយៈការគោរពបទបញ្ជាការប្រកួត និងបទបញ្ញត្តិរបស់កីឡា។ ព្រមជាមួយគ្នានោះ ឯកឧត្តមក៏ស្នើឲ្យគណៈកម្មការរៀបចំការប្រកួតត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងកីឡាករ ឬកីឡាការិនីប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យកីឡា ។ ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយណា ក៏បានអោយថ្នាក់ដឹកនាំបណ្តារាជធានីខេត្ត លោកគ្រូ អ្នកគ្រូ ចូលរួមផ្សព្វផ្សាយព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយលើកទឹកចិត្តអោយកុមារា កុមារី គូរគំនូរទាក់ទងស៊ីហ្គេម យល់ដឹងពីស៊ីហ្គេម ទោះបយកគាត់មិនបានចូលរួមប្រកួតក៏ដោយ ។ ចំនុចមួយទៀតចូលរួមផ្សព្វផ្សយពីការប្រកួតកីឡាបឋមសិក្សាអោយទូលំទូលាយ ពីការចេះជួយគ្នាទោវិញទៅមក ពេលប្រកួតបង្ហាញពីមិត្តភាព សាមគ្គីភាព ផងដែរ ៕

ads banner