អភិបាលខេត្តកំពង់ស្ពឺ ព្រួយបារម្ភពីកង្វះកម្មករជាងមួយម៉ឺននាក់ទៀត ខណៈរោងចក្របន្តកើនឡើង

ដោយៈឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា ខេត្តកំពង់ស្ពឺនៅខ្វះកម្លាំងពលកម្មសម្រាប់ធ្វើការ ខណៈរោងចក្រក្នុងខេត្តនេះបន្តកើនឡើង។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងធ្វើការក្នុងរោងចក្រមីងហ្វៃ ស្ថិតក្នុងស្រុកសំរោងទង នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសទិវាពលកម្មអន្តរជាតិខួបទី១៣៦។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងមានការរីកដុះដាលលើវិស័យរោងចក្រ សហគ្រាស តាមរយៈការកៀរគរបស់លោក។ អ្នករកស៊ីតូចធំ បានដាក់ទុនដើម្បីរកស៊ីក្នុងខេត្តនេះដោយផ្អែកលើភាពអំណោយផលនិងសក្តានុពល។ ហើយបច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសសរុបចំនួន៣៣៤កន្លែង ដែលមានកម្មករ និយោជិតសរុប១៤ម៉ឺន៤ពាន់៧៩៧នាក់ (ស្រី១០ម៉ឺន៦ពាន់៩៨២នាក់) ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមាន១៥១កន្លែងមានកម្មករសរុប ១៣ម៉ឺន៩ពាន់៦៧៨នាក់ ស្រី១០ម៉ឺន៥ពាន់ ១នាក់។

ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្នមានរោងចក្រ សហគ្រាសជាច្រើនកន្លែងទៀតដែលបាននិងកំពុងសាងសង់ និងមានរោងចក្រខ្លះបានបើកទ្វារដើម្បីជ្រើសរើសកម្មករឱ្យចូលបម្រើការងារ ដែលតម្រូវការកម្មកររហូតមកទល់ពេលនេះនៅខ្វះប្រមាណជាង១ម៉ឺននាក់ទៀត ហើយចំនួននេះនិងអាចមានកែប្រែច្រើនទៀត ខណៈដែលរោងចក្រ និងសហគ្រាសផ្សេងៗទៀតបើកទ្វារបន្តបន្ទាប់។

ដោយលក្ខណ័នេះហើយទើបរដ្ឋបាលខេត្តក៏ដូចថ្នាក់ខេត្ត មន្ទីរ មានការបារម្ភ រកកម្មករមកធ្វើការឱ្យគេមិនបាន។ ស្របពេលជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ស្ពឺក៏បានធ្វើការអំពាវទៅកម្មករនិយោជិត ដែលមានបងប្អូនបានបញ្ចប់ការសិក្សា ឬឈប់រៀនហើយចង់រកការងារធ្វើសូមឱ្យមកធ្វើការនៅខេត្តកំពង់ស្ពឺ ដោយទាក់ទងមកមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារនៅក្នុងខេត្តនេះ៕ដោយ៖ម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner