អ្នកនាំពាក្យក្រសួងព័ត៌មានទាត់ចោលចំពោះការចោទប្រកាន់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបដិសេធ និងច្រានចោលចំពោះការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា នៅប្រទេសកម្ពុជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានរងការដៅជាមុខសញ្ញា និងសេរីភាពសារព័ត៌មានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនោះ គឺជាការលើកឡើងដែលពុំមានការពិត និងពុំត្រឹមត្រូវនោះទេ។
ការច្រានចោលរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការចាប់ផ្ដើមយុទ្ធនាការ សម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៩ ខែមេសា នេះថាសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធានាការពារយ៉ាងគត់ម៉ត់ដោយច្បាប់របបសារព័ត៌មាន ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានគ្រប់និន្នាការ និងពហុនិយម អាចបំពេញតួនាទី ភារកិច្ច និងអនុវត្តសេរីភាពរបស់ពួកគេ ដោយសេរី និងស្មើភាពគ្នា បានគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា និងពុំមានការរើសអើង ឬបំពានសិទ្ធិ សេរីភាព ឬគំរាមកំហែងដូចការលើកឡើងរបស់អង្គការនេះនោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ក្រសួងព័ត៌មាន តែតែងផ្តល់នូវការទទួលស្គាល់ភាពស្របច្បាប់ និងផ្តល់តម្លៃដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានដែលកំពុង ប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាស្មើៗគ្នា ដោយពុំមាន ការបែងចែកនូវនិន្នការនយោបាយ ឬអង្គភាពសារព័ត៌មាន តូចឬធំនោះទេ ហេីយពួកគេត្រូវបានការពារដោយស្មើភាពគ្នាតាមផ្លូវច្បាប់។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ការអនុវត្តសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពប្រសេីរជាប់លំដាប់ជាក់ស្ដែងបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានអង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី និងបែបទំនេីប (ផ្សព្វផ្សាយ តាមអនឡាញ និងឌីជីថល) ចំនួន២១០០អង្គភាព និងមានអ្នក សារព័ត៌មានជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាប្រមាណជិត៦០០០នាក់ ដែលក្នុងមានស្រ្តី ប្រមាណ៥០០នាក់ផងដែរ ដែលកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសកម្ពុជា និងពី ជុំវិញពិភពលោក ជូនដល់ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅ ប្រទេស បានទទួលនូវព័ត៌មានយ៉ាងសំបូរបែបគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។ ដូច្នេះ យើងអាចនិយាយបានថាសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ពុំបានរងនូវការរំលោភបំពាន ដូចការលេីកឡេីងរបស់អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះឡើយ។
ឯកឧត្តមបានអះអាងថា ក្រសួងព័ត៌មាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូជំហរគាំទ្រ និងបន្តខិតខំ យ៉ាងមោះមុត ដេីម្បីលេីកកម្ពស់សេរីភាពសារព័ត៌មាន នៅកម្ពុជា ដោយអនុលោមទៅច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
(រូបភាព៖អ៊ិនធើណិត)