សហគមន៍ទេសចរណ៍កោះ៣០ ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តជិះទូក តាមដងទន្លេមេគង្គអមដោយទេសភាពធម្មជាតិ
ភ្នំពេញៈសហគមន៍ទេសចរណ៍កោះ៣០ មានទីតាំងស្ថិតនៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រមណីយដ្ឋានកោះ៣០នេះ បានបង្កើតឡើង៥ឆ្នាំមកហើយ ។បច្ចុប្បន្នប្រជាសហគមន៍អំពាវនាវរកវិស័យឯកជននឹងអង្គការដៃគូរនានាបន្ថែមឲ្យមកចូលរួមជួយរៀបចំឲ្យមានស្តង់ដាត្រឹមត្រូវ ដើម្បីធ្វើការប្រកួតប្រជែង រមណីយដ្ឋានស្អាត បរិស្ថានល្អ សេវាកម្មល្អ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក្នុងពេលដែលរាជរដ្ឋភិបានបានបើកឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំមកដោយសារជម្ងឺកូវីដ១៩នោះ។
លោក ប៊ូ សុខា អនុប្រធានសហគមន៍ទេសចរណ៍កោះ៣០ បានបញ្ជាក់ថា៖សក្តានុពលធម្មជាតិនៅតំបន់នេះ មានដើមឈើដុះប៉ប្របទឹកច្រើនមីដេដាស់ មានប្រឡាយទឹកហូររាក់ៗ មានម្លប់ឈើត្រជាក់ មានពំនូកឆ្នេរខ្សាច់ ផ្ទាំងថ្មធំៗ នឹងមានសត្វស្លាបជាច្រើនប្រភេទជាពិសេសសត្វក្ងោកផងដែរ ។
លោកបន្តថា ធនធានសម្បត្តិធម្មជាតិទាំងនេះមានពីធម្មជាតិ ហើយឆ្នាំនេះសហគមន៍អេកូទេសចរណ៍កោះ៣០ បានរួមគ្នារៀបចំដំណើរកម្សាន្តតាមទូកជូនភ្ញៀវទេសចរទស្សនាចរ ពីតំបន់មួយទៅតំបន់មួយ ដើម្បីភ្ញៀវទេសចរបានថតរូបនិងបានឃើញពីទីតាំងប្រវត្តិសាស្ត្រមួយចំនួន ដូចជាប៉ុស្តិយាមបារាំងក្នុងសម័យឆ្នាំ១៩៥០ ជាដើម។
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា អាជ្ញាធរពាក់ពន្ធ័ នឹងមន្ទីរទេសចរណ៍ និងបង្កើនការជួយរៀបចំឱ្យមានផ្ទះស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធមកកាន់តំបន់នេះឱ្យកាន់តែងាយស្រួល ព្រោះរាជរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវកៅស៊ូតាមជូរមាត់ទន្លេឱ្យមកដល់ឃុំអូគ្រៀងនេះ និងតភ្ជាប់ទៅដល់ទឹកដីខេត្តស្ទឹងត្រែងផងដែរ ។
លោកស្រីអភិបាលរងបន្តថា ទេសភាពនៅតំបន់នោះពិតជាមានភាពទាក់ទាញ ហើយអ្នកសារព័ត៌មានជាច្រើនអង្គភាពបានមកផ្តិតយករូមភាព នឹងជួយផ្សព្វផ្សាយដល់ភ្ញៀវជាតិយើងឲ្យមកលេងកាន់តែច្រើនព្រោះភាពស្អាតតាមដងទន្លេមេគង្គមានកំណើតពីធម្មជាតិ៕ ដោយ : ម៉េង គាង