ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតា គេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ 

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ ខ្សែ ប្រវែង៥ពាន់ម៉ែត្រ ស្ថិតក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចចារបញ្ចប់ សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្តាប់នៅក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធទាំងនេះ សម្រាប់ជាទីសក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាបច្ចុប្បន្នប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។ បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង៥,០០០វត្ត គឺរដ្ឋមិនមានលទ្ធភាពក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយផ្អែកទៅលើវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនដូចសព្វថ្ងៃនេះ៕ 

ដោយ៖ពលជ័យ

(រូបភាព៖ហ្វេសប៊ុកផេកឯកឧត្តម ហ៊ុន ម៉ាណែត)

ads banner