ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំគគីរ និងនៅឃុំមេមង ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅរសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣៧៦នាក់នៅឃុំគគីរ និងប្រជាពលរដ្ឋនៅឃុំមេមង ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាន់តែខិតជិតមកដល់នោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានក្រើនរំលឹកថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី ៥​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះដែលចាប់ពីពេលនេះទៅគឺនៅសល់រយៈពេលត្រឹមតែមួយខែ៧ ថ្ងៃទៀតប៉ុណ្ណោះ។

ផ្អែកលើពេលវេលានេះ នៅថ្ងៃនេះដែរឯកឧត្តមរួមនិងសហការី បានមកជួបប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងឃុំគគីរនិងឃុំមេមងនេះអោយទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥។ ការដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចនេះដោយសារតែការបោះឆ្នោតគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះឃុំគឺជាអ្នកផ្ដល់សេវាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាប្រសិនបើបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាដែលឈរឈ្មោះបោះឆ្នោតហើយបានជាប់ឆ្នោតទៀតនោះមានន័យថាយន្តការនេះក្តោបក្តាប់ទាំងមូលនៅទូទាំងប្រទេស អំនាចរបស់ឃុំគឺធំធេងណាស់ដោយសារបេក្ខជនដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំគឺស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជាទាំងថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់ក្រសួងរហូតដល់នាយករដ្ឋមន្ត្រី ដូច្នេះបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជាដែលឈរឈ្មោះជាមេឃុំមានឥទ្ធិពលធំធេងណាស់ក្នុងការបំពេញតួនាទីភារកិច្ចគ្រប់បែបយ៉ាងដើម្បីបម្រើប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានឆាប់រហ័សនិងទាន់ពេលវេលា អាស្រ័យហេតុនេះទាំងបេក្ខជនពេញសិទ្ធិនិងបម្រុង ប្រធានក្រុមបក្ស ប្រធានសាខាគណបក្សភូមិ ឃុំ ដែលជាជនបង្គោល ជាជនបង្អែកដែលអាចផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋនោះត្រូវត្រៀមខ្លួននិងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀបចំទិសដៅអោយបានច្បាស់លាស់ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សំដៅឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានប្រៀបឈ្នះ ដោយត្រូវរៀបចំកម្លាំងពិភាក្សាគ្នាលំអិតដើម្បីចុះជួបសមាជិកតាមខ្នងផ្ទះនីមួយៗ គ្រប់គ្រងចំនួនសមាជិករបស់ខ្លួនឲ្យបានល្អ ត្រូវមានបញ្ជីសមាជិកនៅក្នុងដៃនិងនាំប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លើមូលដ្ឋាននេះ សមាជិកបក្សម្នាក់ត្រូវក្លាយជាសំឡេងឆ្នោតមួយសន្លឹកសម្រាប់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាកិច្ចការសំខាន់ចាំបាច់ដែលទាំងអស់គ្នាត្រូវតែបំពេញឲ្យបានល្អ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សង្ឃឹមថាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាដែលឈរឈ្មោះបោះឆ្នោត ប្រធានក្រុមបក្ស ប្រធានសាខាគណបក្សភូមិឃុំ និងសមាជិកសមាជិកាបក្សទាំងអស់នៅក្នុងឃុំគគីរនិងឃុំមេមងនេះនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ពួតដៃគ្នាជាធ្លុងមួយដើម្បីសម្រេចជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី 5នេះដើម្បីជាកិត្តិយស និងស្នាដៃសម្រាប់គណបក្សប្រជាជនកម្ពុជា តំកល់ទុកជាផលប្រយោជន៍និងកិត្តិយសជូនប្រជាពលរដ្ឋនៅក្នុងទំព័រប្រវត្តិសាស្រ្តថានៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំនេះគឺជាខេត្តនិងស្រុកដែលល្បីល្បាញអាចឲ្យគេទទួលស្គាល់និងគោរពថាប្រជាពលរដ្ឋនៅទីនេះមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំហើយពិតជាទទួលបានជោគជ័យក្នុងការបោះឆ្នោត ដោយសម្រេចតាមបំណងប្រាថ្នាដែលខ្លួនចង់បានពិតប្រាកដមែន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner