ឯកឧត្តម ហ៊ុន ម៉ានី : រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិសុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ
ភ្នំពេញ : ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានថ្លែងថា ជាការពិតណាស់ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ និងតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងវេទិកានានាក្នុងការទាក់ទាញវិនិយោគ និងបង្កើតការងារជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិសុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ។ ជាក់ស្តែងរយៈកាលចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ ស្តីពី របបសន្តិសុខសង្គមដែលបានដាក់ចេញនូវរបបសន្តិសុខសង្គមចាំបាច់ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងជីវភាពរបស់កម្មករនិយោជិត ប្រាសចាកពីអសន្តិសុខហិរញ្ញវត្ថុ។ នេះបេីយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «សន្តិភាព] គឺជាកត្តាស្នូលនៃការសម្រេចបានតាមផែនការ និងយុទ្ធសាស្រ្តទាំងអស់នេះ ដែលមិនគួរមើលរំលងបាន។ ក្នុងរយៈពេល ជាង ២ទសវត្សរ៍នៃសន្តិភាពពេញបរិបូណ៌ និងស្ថិរភាព ព្រមទាំងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយភាពវៃឆ្លាតនេះ កម្ពុជាបានបោះជំហានទៅមុខកាន់តែប្រសើរ ដែលទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ៕ ដោយ: ពលជ័យ
រូបថតហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី