លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ
ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ៥៣០នាក់ នៅរោងចក្រផលិតកង XDS Bicycle Cambodia Co ltd ស្ថិតក្នុងបំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ស្វាយតឿខេត្តស្វាយរៀង ។
ថ្លែងក្នុងឱកានោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអានទាំងស្រុង នូវសារលិខិតលេខ ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអានុស្សាវរីយ៍ លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ ជូនដល់អង្គពិធីទាំងមូល និងបានណែនាំឲ្យកម្មករ កម្មការិនី ធ្វើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាង សម្រាប់យកទៅបោះឆ្នោត ជាពិសេស អត្តសញ្ញាណបណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា និងបានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ។
តំណាងកម្មករ កម្មការិនីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា កម្មករ កម្មការិនី និងបានទទួលបាននូវប្រាក់ខែសមរម្យ លក្ខណ្ឌការងារល្អ និងមានការយកចិត្តទុក្ខដាក់ពីថៅកែរផងដែរ ។
ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកអំណោយចែកជូនដល់ សម្រាប់កម្មករ កម្មការិនីចំនួន ៥០២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល និងសារ៉ុង ១ ចំណែក ស្ត្រីមានផ្ទៃពោះ ចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល។
បន្ទាប់មកទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនៈកិច្ចខ្សែរសង្វាក់ផលិត កង់ និងខ្សែរសង្វាក់ផលិតសំបកកង់រថយន្តផងដែរ ៕ ដោយ ថេត វិចិត្រ