ឯកឧត្តម ច័ន្ទ សុខុន ជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សប្រជាជន ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥
ព្រះវិហារ ៖ ឯកឧត្តម ច័ន្ទ សុខុន ប្រធានអនុគណៈកម្មការ ស៨.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាល ជាមួយបងប្អូនសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ។
ពិធីនេះ មានការចូលរួមពីលោក ជា ឈុន អនុប្រធានគណៈកម្មការ ស៨.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងវត្តមាន ឯកឧត្តម អស់លោក ប្រធាន អនុប្រធានសាខា សមាជិក សមាជិកា ចំនួន ២៥០នាក់ ។
ឯកឧត្តម ច័ន្ទ សុខុន បានលើកឡើងថា ក្នុងនាមយើងជាសេនាធិការសម្រាប់គណបក្ស ជាអ្នកបញ្ជ្រាបគោលនយោបាយគណបក្ស ធ្វើការងារទៅតាមគោលនយោបាយរបស់គណបក្ស យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ ។
ជាមួយគ្នានេះ ឯកឧត្តម ច័ន្ទ សុខុន ក៏បានធ្វើការអំពាវនាវ ឲ្យរួមគ្នាការពារសុខសន្តិភាព ដែលដណ្តើមបានដោយលំបាករយៈពេលកន្លងមកនេះ ត្រូវប្រឆាំងចំពោះអ្នកណាដែលបំផ្លាញសន្តិភាព ជាពិសេសចលនាបដិវត្តពណ៌ បន្តគាំទ្រ និងអនុវត្តនូវយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ជាបន្តទៀត៕ សួនលីណា









