ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញមកត្រួតពិនិត្យមើលការហូបចុក-ស្នាក់នៅរបស់កីឡាករ កីឡាការិនី នៅសណ្ឋាគារ ឈូកទិព រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។
នេះជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមអគ្គនាយកកីឡាចំពោះសុខទុក្ខរបស់កីឡាករ កីឡាការិនីជាកុមារា កុមារី ដែលហូបចុក-ស្នាក់នៅក្នុងឱកាសប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ដែលដំណើការពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ចំពោះការរៀបចំការប្រកួតទាំងមូល រួមទាំងការទទួលហូបចុកស្នាក់នៅសណ្ឋាគារនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជាលក្ខណៈហ្គេម ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនេះមាន៨ប្រភេទកីឡា សរុបមាន ៣៤វិញ្ញាសា ដូចជាប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២៕ ចាន់ វិចិត្រ









