សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងម៉ាស្សា២កន្លែងជាប់គ្នា មានបង្កប់សេវាបម្រើផ្លូវភេទឃាត់ខ្លួនថៅកែហាង២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមាន ជ័យ បានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាកោសជប់យីហោ «ម៉ាស្សា & កោសជប់ 72 និង ម៉ាស្សាកោសជប់៩៩៩ »ចំនួន២ទីតាំងជាប់គ្នា ដែលលួចបង្កប់សេវាបម្រើសេវាផ្លូវភេទ ដោយឃាត់ខ្លួនថៅកែស្រីជាជនជាតិវៀមណាម ២នាក់ និងជួយរំដោះក្មេងស្រីរងគ្រោះ៥នាក់ ។

ក្នុងប្រតិបត្ដិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង ៤ និង ២០ នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៥៨២ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានការសម្រប សម្រួលពីលោកស្រី ស៊ឺ វណ្ណនី  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនស្ដ្រីថៅកែហាង ជាជនជាតិវៀតណាម២នាក់ រួមមាន ៖ ទី១ឈ្មោះ ចាន់ ធីរ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជាតិវៀតណាម មុខរបរ ថៅកែហាង យីហោ « ៩៩៩» ស្នាក់នៅកន្លែងឃាត់ខ្លួន និងទីឈ្មោះ វៀង ជីហាយ ភេទស្រីអាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែហាងយីហោ«ម៉ាស្សា & កោសជប់ 72» ស្នាក់នៅកន្លែងឃាត់ខ្លួន ។ ចំពោះសម្ភារៈដកហូតរួមមាន ៖ ស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួនធំ និង សៀវភៅកត់ត្រាភ្ញៀវចេញចូលចំនួន២ ក្បាល ។

ក្រោយពីបញ្ចប់ប្រតិបត្ដិការនេះ កម្លាំងនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ដ្រីថៅកែហាង២ នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ យកទៅកាន់ការិយាល័យនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner