ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំជាំនិងឃុំមេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅរសៀលថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃ ទី០១ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែន ដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំជាំនិងឃុំមេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាមានប្រសាសន៍ថា ការជួបជុំជាមួយប្រជាពលរដ្ឋនាពេលនេះគឺជាការពញ្ញាក់ស្មារតីដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី ៥កាន់តែខិតជិតមកដល់ហើយគឺនៅសល់រយៈពេលត្រឹមតែមួយខែប្រាំថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះត្រូវត្រៀមខ្លួនដើម្បីទៅចូលរួមបោះឆ្នោតឲ្យ បានគ្រប់ៗគ្នានៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះកុំបីខាន ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែមួយគត់។ដោយឡែក ប្រធានក្រុមបក្ស ប្រធានសាខាគណបក្សភូមិឃុំ មេភូមិមេឃុំ ត្រូវត្រៀមលក្ខណៈបំពេញតួនាទីភារកិច្ចឲ្យបានល្អហើយត្រូវផ្លាស់ប្ដូរកែលំអររាល់ភាពអសកម្មក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងមកឲ្យបានល្អប្រសើរឡើងវិញ និងក្តាប់ឱ្យបានពីអ្វីដែលមានការប្រែប្រួលក្នុងមូលដ្ឋាននិមួយៗរបស់ខ្លួន។

ម្យ៉ាងទៀតដើម្បីធានាបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី ៥នាពេលខាងមុខនេះ ទាំងអស់គ្នាដែលជាអ្នកទទួលខុសត្រូវលើការងារបក្សនិងមានវត្តមាននៅពេលនេះត្រូវពុះពារខិតខំប្រឹងប្រែងកែលម្អរាល់ចំណុចខ្វះខាតដែលធ្លាប់មានពីមុនមក ត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យបានយល់ច្បាស់អំពីសច្ចភាពរបស់គណបក្សប្រជាជនកម្ពុជានិងសារសំខាន់ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីទប់ស្កាត់នូវការឃោសនានិយាយបំភ្លើសខុសពីអ្វីដែលជាការពិត កុហកញុះញង់ពីគណបក្សដទៃទៀតឬជនអគតិមួយចំនួនដែលអាចបង្កនូវការភ័ន្តច្រឡំនិងភាពរអាក់រអួលដល់ប្រជាពលរដ្ឋនាំឲបាត់បង់ជំនឿទុកចិត្តនិងការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃនេះមានតួនាទីជាអ្នកទទួលខុសត្រូវលើជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជាអស់រយៈពេល ៤៣ ឆ្នាំមកហើយគឺចាប់ពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ មកម្ល៉េះដូច្នេះហើយគណបក្សនេះគឺមានភាពចាស់ទុំខាងនយោបាយ មានភាពរឹងមាំ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឈានឆ្ពោះទៅរកសុខសន្តិភាពនិងការអភិវឌ្ឍ។

គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាតែងតែដាក់ទិសដៅធ្វើឲ្យជាតិមាតុភូមិទទួលបានសេចក្តីសុខ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលជាមូលដ្ឋានសម្រាប់ឲ្យមាតុភូមិកម្ពុជាកាន់តែមានការរីកចំរើនបន្តទៅមុខទៀតគ្រប់ជំនាន់ហើយទាំងអស់គ្នាត្រូវចូលរួមថែរក្សាសមិទ្ធិផលនានាដែលយើងទទួលបាននេះឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។

ក្នុងន័យនេះ ទិសដៅរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពសុខសាន្តរស់នៅប្រកបដោយភាពសប្បាយរីករាយពេញចិត្តនិងគាំទ្រដល់គណបក្សនេះបន្តជារៀងរហូតគ្រប់ដំណាក់កាល គ្រប់អាណត្តិនិងគ្រប់ជំនាន់បើទោះបីជួបនឹងឧបសគ្គតូចធំយ៉ាងណាក៏ដោយក៏គណបក្សប្រជាជនកម្ពុជានៅតែហ៊ានលះបង់ដើម្បីសេចក្តីសុខនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋឲ្យខាងតែបាន អាស្រ័យហេតុនេះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានមកជួបជុំគ្នានាពេលនេះគឺសុទ្ធតែជាជនបង្គោលដែលអាចធានាបាននូវការរ៉ាប់រងគ្រប់ដំណាក់កាលតាមតួនាទីភារកិច្ចរបស់ខ្លួនដោយក្នុងនាមជាមន្ត្រីរបស់បក្សគឺត្រូវតែមានភារៈក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួនឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឲ្យសមាជិកម្នាក់ក្លាយជាសំឡេងឆ្នោតមួយសន្លឹកដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបន្តនិរន្តរភាពសម្រាប់ជាតិមាតុភូមិ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner