ឯកឧត្តម ស សុខា ៖ ការអញ្ជើញទៅប្រទេសបារាំង លើកនេះរបស់ សម្តេចក្រឡាហោមគឺដើម្បីពិនិត្យសុខភាព

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង បាន បញ្ជាក់ក្នុងផេកផ្លូវការរបស់លោកកាលពីព្រឹកថ្ងៃទី២ខែឧសភាថា ការអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសបារាំង របស់សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បី ពិនិត្យ តាមដានស្ថានភាពសុខភាពរបស់សម្តេចផ្ទាល់ តាមការ តម្រូវរបស់ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល ១សប្តាហ៍ គឺចាប់ពី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះតទៅ បន្ទាប់ពីបានទទួលការ អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ។

ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ការអញ្ជើញទៅពិនិត្យតាមដាន សុខភាព របស់សម្ដេចក្រឡាហោម នៅប្រទេសបារាំង នាពេលនេះ គឺជាលើកទី២ ហើយ បន្ទាប់ពីសម្ដេច ធ្លាប់បានអញ្ជើញទៅពិនិត្យ សុខភាព និងទទួលការព្យាបាលនៅ ប្រទេសបារាំង ដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ។

ក្នុងនោះដែរឯកឧត្តម ស សុខា ក៏បានគោរពជូនពរសម្តេចក្រឡា ហោម ស ខេង ក្នុងដំណើរទៅពិនិត្យ និងតាមដានសុខភាពនៅ ប្រទេសបារាំង សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សុខភាពល្អបរិបូរណ៍ និងសូមបានចៀសផុតពីជំងឺទាំងឡាយទាំង ពួងកុំបីខានឡើយ៕ ដោយ៖ពល ជ័យ

ads banner