នាយកវិទ្យាស្ថាន ខេមអេដ ដាក់ក្តីសង្ឃឹមខ្ពស់ ដើម្បីការពារមេដាយមាស កីឡាឧត្តមសិក្សា នៅឆ្នាំ២០២២នេះ

ក្រោយក្រុម Legends បានឈ្នះម្ចាស់ជើងឯក ពានរង្វាន់បាល់បោះនារី ខេមអេដ ឆ្នាំ ២០២២ បន្ទាប់ពីបានយកឈ្នះក្រុម Possible ដោយលទ្ធផលពិន្ទុ ១៣ទល់៨ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម Wildcats ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម CamEd Maverick ក្នុងលទ្ធផល ៦ទល់៥ កាលពីចុងសប្តាហ៍ នៅកីឡដ្ឋាន Premium Sports Club រាជធានីភ្នំពេញ។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ គូសបញ្ជាក់ថា បាល់បោះនារីវិទ្យាស្ថានខេមអេដ មានសិទ្ធផលល្អជាងឆ្នាំមុនៗ ដោយសារពួកគេមានបទពិសោធន៍ក្នុងការប្រកួត និងការហ្វឹកហាត់ត្រៀមបានយ៉ាងល្អ។ លោកនាយកវិទ្យាស្ថាន សប្បាយរីករាយដែលក្រុមនិស្សិតវិទ្យាស្ថាន ខេមអេដ តែងតែស្រឡាញ់ និងចូលរួមលេងកីឡា ក្រៅពីការសិក្សាលើជំនាញរបស់ខ្លួន នៅវិទ្យាស្ថាន ខេមអេដ។

លោក ខេស៊ី បាណេត បន្ថែមថា ក្រុមកីឡាការិនីបាល់បោះនឹងត្រៀម ចូលជាមួយនឹងការប្តេជ្ញាចិត្ត ដាក់ក្តីសង្ឃឹមខ្ពស់ ក្នុងការចូលរួមប្រកួតប្រជែងការពារមេដាយមាស ព្រឹត្តការណ៍កីឡាឧត្តមសិក្សា កាលពីឆ្នាំ២០១៩ ជាថ្មីម្តងទៀត បន្ទាប់ពីបានខកខាន២ឆ្នាំ កាលពីឆ្នាំ២០២០-២០២១ ។

ដោយឡែកកីឡាការិនី អ៊ៀរ ស៊ីមួរ មកពីក្រុម Wildcats បានលើកឡើងថា ខ្លួនពិតជារីករាយជាខ្លាំង ដែលវិទ្យាស្ថានខេមអេដតែងតែបង្កើតព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ ដែលធ្វើឲ្យនិស្សិត បានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ពិសេសការប្រកួតនេះបានជួយឲ្យខ្លួនបានពង្រឹងស្មារតី និងទំនុកចិត្តខ្លួនឯងកាន់តែរឹងមាំ។ «ខ្ញុំនឹងព្យាយាមហ្វឹកហាត់ និងប្តេជ្ញាចូលរួម ប្រកួត កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ ដើម្បីប្រជែងមេដាយជូនវិទ្យាស្ថាន ខេមអេដ»៕ ចាន់ វិចត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner