លោក កែន សម្បត្ត ៖ ចាប់ពីឆ្នាំ២០១២មក អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានល្អប្រសើរ និងលើសផែនការកំណត់

កណ្តាល ៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ចាប់ពីឆ្នាំ២០១២មក អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានល្អប្រសើរ និងលើសផែនការកំណត់ ជាក់ស្តែងនៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ ១៩ ទោះបីមានផលប៉ះពាល់ ក៏អគ្គនាយកដ្ឋានបានប្រមូលចំណូលលើសផែនការដែលកំណត់ដោយច្បាប់, ក្នុងនោះចំពោះការប្រមូលចំណូលបានល្អប្រសើរនេះ ធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពជម្រុញការអភិវឌ្ឍន៍ នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។

លោក កែន សម្បត្ត បានថ្លែងបែបនេះ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី លោក ងួន សុវណ្ណ មកកាន់តំណែងថ្មី ជំនួសលោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាលចាស់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នៅសាលសាលាខេត្តកណ្តាល ។

លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បន្តថា ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារជាង ១០ឆ្នាំ មកនេះ មិនថានៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ឬការប៉ះពាល់ដោយកត្តាផ្សេងៗ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តប្រមូលចំណូលបានលើសផែនការ ដោយការប្រមូលចំណូលល្អប្រសើរនេះ ជាមូលដ្ឋានសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

ជុំវិញលទ្ធផលនៃការប្រមូលចំណូល អគ្គនាយកដ្ឋានពន្ធដារ បានបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ការបន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាព លើវិធានការអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកម្មន្តសាលទូទៅ ការបន្តអនុវត្តវិធានការចាំបាច់នានា ដែលបានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២១ និងការបន្តអនុវត្តប្រកបដោយយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ជាដើម ។

ទាក់ទងការប្រមូលចំណូលនេះ លោក កែន សម្បត្តិ បញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបានអនុវត្តការប្រមូលចំណូលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះសម្រាប់ចំណូលថ្នាក់ជាតិ មានចំណូលចរន្ត និងចំណូលមូលធន, ចំណែកចំណូលថ្នាក់ក្រោមជាតិ មានចំណូលថវិការថ្នាក់ក្រោមជាតិរបស់ខេត្ត, ចំណូលថវិការរបស់ស្រុក-ខណ្ឌ និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ឃុំសង្កាត់ ជាដើម ហើយនៅក្រមខណ្ឌប្រមូលចំណូលនេះ អគ្គនាយកដ្ឋានពន្ធដារមានតួនាទី និងភារកិច្ចប្រមូលចំណូលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃចំណូលផ្ទៃក្នុង។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេល៣ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំណូលនេះកើនឡើងជាង ២២% ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner