សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួនជាង ១,៧៥៣នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាលទាំងអស់ ដែលមានកូនក្លាយជាសិស្សឆ្នើម។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានសម្តែងនូវការសោកស្តាយផងដែរ ចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ ហើយសម្តេចសង្ឃឹមថា ពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។ សម្តេច បានកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំសម្របសម្រួលក្នុងការប្រឡងបាក់ឌុបនៅទូទាំងប្រទេស ឱ្យទទួលបានលទ្ធផលគួរជាទីមោទនភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្សដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា ក្នុងនោះថែមទាំងយើងបានកំណត់ថា ឃុំ១មានអនុវិទ្យាល័យ១។

សម្ដេចក៏បានលើកឡើងពីគម្រោងជួបសិស្សនិទ្ទេស A កាលថ្ងៃទី១៥ ខែមករា តែត្រូវលើកពេលវិញមកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែមានការរាតត្បាតនូវជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងត្រូវបានពន្យារពេលមកដល់ពេលនេះ។ ជាមួយនេះ សម្តេចតេជោ ក៏បានប្រកាសសម្រេចដាក់ក្រុមសិស្សានុសិស្សទាំងអស់នៅកម្ពុជា គឺជាអាទិភាពទី២ នៃការចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកជួរមុខ ដើម្បីការពារសុខភាព និងជំរុញដល់ការសិក្សាកាន់តែរឹងមាំរបស់សិស្សានុសិស្សទាំងអស់។ សម្ដេចបញ្ជាក់ថា ចាប់ពីពេលនេះទៅ ការផ្តល់វ៉ាក់សាំង ក្រៅពីមន្រ្តីជួរមុខ មិនថាដូសទី៣ ឬទី៤ ទេ កូនសិស្សត្រូវដើរដល់ទីនោះដែរ យើងមានសិស្សទាំងអស់ជាង ៣ លាននាក់ ចាក់ម្តង ៣ លានដូស គឺមិនពិបាកសម្រាប់កម្ពុជាទេ ។

ក្នុងឱកាសនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងសុខាភិបាល រើសក្របខណ្ឌពេទ្យជាង ៣៥០០ នាក់ទៀត ដើម្បីបំពេញតម្រូវការចាំបាច់នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រឿងពេទ្យនេះ ខ្ញុំបានសម្រេចឱ្យក្រសួងសុខាភិបាល ត្រៀមរើសពេទ្យ ជាង ៣ពាន់៥០០នាក់ទៀត ដើម្បីយើងបំពេញតម្រូវការចាំបាច់នាពេលខាងមុខ ដែលយើងត្រូវត្រៀមទុកជាមុន គ្រូបង្រៀនក៏ត្រូវការជ្រើសរើស ស្របពេលផ្នែកផ្សេងៗមិនផ្តល់ឱ្យរើសក្រៅពីថា អ្នកចូលនិវត្តន៍ត្រូវរើសថែមប៉ុណ្ណោះ ដើម្បីសន្សំសំចៃក្របខណ្ឌរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សិស្សដែលមិនទាន់បានចូលសាកលវិទ្យាល័យ ដោយសាររង់ចាំការប្រលងចូលសាលាពេទ្យ ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា គឺជារឿងល្អមួយ។ សម្តេច បន្ថែមថា សិស្សដែលមិនទាន់បានចូលសាកល ដោយសាររង់ចាំការប្រលងចូលសាលាពេទ្យល្អដែរ នេះជាឱកាសសម្រាប់យុវជនយើងហើយ ដែលខ្លួនស្រលាញ់មុខវិជ្ជា ដែលខ្លួនពេញចិត្ត ខ្ញុំពិតជាមានការរីករាយ សម្រាប់យើងទាំងអស់គ្នា ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការសម្រេចឱ្យរើសកងទ័ពជាង ៣០០ នាក់បន្ថែមទៀត ដើម្បីបំពេញការពារលើផ្ទៃអាកាស ដែលសម្តេចហៅថា សំណាញ់មេឃ ។ សម្តេចថា សូមនិយាយពីទីនេះតែម្តងទៅថា ខ្ញុំសម្រេចឱ្យរើសកងទ័ពជាង ៣០០ នាក់បន្ថែមទៀត ដើម្បីបំពេញបន្ថែមការពារលើផ្ទៃអាកាស ដែលខ្ញុំហៅថាសំណាញ់មេឃ លើវិស័យការពារជាតិ ត្រូវគិតឱ្យច្បាស់ អាមិចនេះ តម្លៃវារាប់លាន មួយគគោក យកវាមកធ្វើអ្វី? អ្នកដែលល្ងិតល្ងង់ គេមិនយល់ អំពីសំណាញ់មេឃទេ ខណៈខ្លួនឯងមិនយល់។

សម្តេចតេជោ ក៏បានលើកឡើងពីការដែលបងប្អូនពលរដ្ឋខ្មែរ នឹងមកទទួលសម្តេច នៅសហរដ្ឋអាមេរិក ដោយសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញុំសុំបងប្អូនដែលមកទទួលខ្ញុំ កុំធ្វើបាតុកម្មតបតជាមួយគេ នៅអាមេរិក សូមអង្វរក មិនចាំបាច់ឃើញគេធ្វើ មកប្រឆាំងខ្ញុំ ហើយយើងធ្វើប្រឆាំងតបតទេ គ្មានការចាំបាច់ធ្វើរឿងបែបនេះទេ គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាល មានអ្នកគាំទ្រនៅក្រៅប្រទស ជានិច្ចជាកាលធំជាង អ្នកមកធ្វើបាតុកម្មប្រឆាំងខ្ញុំ ។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍សុំឱ្យមាតាបិតា កុំប្រៀបធៀបកូនខ្លួនឯង និងកូនគេ កុំបង្អាប់កូនឯង លើកកូនគេ ដែលនេះជាការបំបាក់ទឹកចិត្តកូនខ្លួនឯង យុវជន ក៏ត្រូវដឹងគុណគ្រូបង្រៀនដែរ គ្រូមួយថ្ងៃគ្រូមួយជីវិត។ សម្តេចថា មិនប្រាកដទេថា ប៉ូវឱ្យកូនឆ្លាត ពិសោធន៍កូនខ្ញុំ កូនច្បងខ្ញុំ កាលពីសម័យប៉ុលពត អត់មានអីស៊ី តែខួរក្បាលវា មិនខុសពីបងប្អូនគេកើតនៅភ្នំពេញទេ ស្ថិតនៅសំខាន់យើងបំពេញឱ្យគេ លើកទឹកចិត្តគេឱ្យរៀន សាលាជាកន្លែងបណ្តុះបណ្តាល ត្រូវកសាងបន្ថែមទៀត ជាមួយហ្នឹងសំភារៈសិក្សា ដើរឱ្យទាន់សម័យកាល។

ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង១,៧៥៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់១គ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួនម្នាក់១។ ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួម ម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣លានរៀល ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner