ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រធានកិត្តិយស នៃសមាគមនារីអាស៊ានកម្ពុជា អញ្ជើញសម្ពោធ “ផ្ទះបាយអង្គរ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោកជំទាវ ខេង សំវ៉ាដា ប្រធានកិត្តិយសនៃសមាគមនារីអាស៊ានកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “ផ្ទះបាយអង្គរ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភរិយាឯកអគ្គរដ្ឋ/រាជទូតនៃបណ្តាប្រទេសអាស៊ាន និងភរិយាឯកអគ្គរដ្ឋ/រាជទូត នៃប្រទេសដៃគូអាស៊ាន ដែលជាសមាជិកានៃសមាគមនារីអាស៊ាន។

ការបង្កើត “ផ្ទះបាយអង្គរ” នេះគឺជាការកែទម្រង់ផ្ទៃក្នុង ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជាផ្នែកមួយនៃការទូតអាហារ ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ២០២១-២០២៣ របស់ក្រសួង ព្រមទាំងទទួលបានការគាំទ្រទាំងស្រុង ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

“ផ្ទះបាយអង្គរ” នេះត្រូវបានរៀបចំឡើង ក្រោមហេតុផលចំបងចំនួន៣គឺ៖
១- សៀវភៅមុខម្ហូប “រសជាតិអង្គរ-The Taste of Angkor” របស់ក្រសួងការបរទេស បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ-The Best Asian Cookbook” នៅក្នុងការប្រកួត Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងបារីស ដោយសារសៀវភៅនេះមានរូបមន្តធ្វើម្ហូប និងបង្អែមខ្មែរចំនួន៣៨មុខ ដែលលម្អិតនិងងាយស្រួលធ្វើតាម។ អាស្រ័យហេតុនេះ ក្រសួងនឹងប្រើប្រាស់សៀវភៅនេះ ជាឧបករណ៍គន្លឹះ ដើម្បីលើកស្ទួយនិងផ្សព្វផ្សាយវិស័យការទូតអាហាររបស់យើង តាមរយៈមិត្តភក្តិបរទេសនៅទូទាំងពិភពលោក ជាឧទាហរណ៍មិត្តភក្តិអាស៊ានរបស់យើងនៅក្នុងថ្ងៃនេះ។

២- ក្រសួងការបរទេសតាមរយៈវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ គ្រោងនឹងរៀបចំកម្មវិធីបណ្តុះ-បណ្តាលស្តីពី “ការទូតអាហារ” ដល់មន្រ្តីការទូតកម្ពុជាជាពិសេសភរិយាឯកអគ្គរាជទូត ដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃរូបមន្តនិងវិធីចម្អិនម្ហូបខ្មែរ។ បន្ទាប់មក ពួកគាត់នឹងប្រើប្រាស់ចំណេះ-ដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះដើម្បីពន្យល់ពីប្រវត្តិម្ហូបខ្មែររាប់ពាន់ឆ្នាំនេះនិងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរដល់មិត្តភក្តិបរទេស។

៣- បន្ទាប់ពីម្ហូបខ្មែរត្រូវបានទទួលស្គាល់និងមានភាពល្បីល្បាញហើយ យើងទាំងអស់គ្នាជឿជាក់ថានឹងមានឱកាសវិនិយោគលើវិស័យផ្សេងៗដូចជា ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ ផលិតផលកសិកម្ម និងការពង្រីកចំនួនភោជនីយដ្ឋាននិងសណ្ឋាគារ ជាដើម។

ជាលទ្ធផល វានឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕ ដោយ :សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner