មេដឹកនាំអាល្លឺម៉ង់៖ ទណ្ឌកម្មនឹងដកចេញវិញ ដរាបណារុស្ស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ថ្លែងថា ការដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពានលើអ៊ុយក្រែននោះ នឹងត្រូវបានដកចេញវិញ ដរាបណាទីក្រុងម៉ូស្គូឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងម៉ូស្គូ ហើយថា កិច្ចព្រមព្រៀងនេះគឺអាស្រ័យលើអ៊ុយក្រែន ដើម្បីកំណត់លក្ខខណ្ឌសន្តិភាព។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយក្នុងថ្ងៃចន្ទ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ZDF លោក សូលស៍ បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគណនាខុស ប្រសិនបើគាត់រំពឹងថា គាត់អាចទទួលបានទឹកដីពីអ៊ុយក្រែន, ការប្រកាសបញ្ចប់អរិភាព និងការមើលឃើញបណ្តាប្រទេសលោកខាងលិចទម្លាក់ទណ្ឌកម្ម។

លោក សូលស៍ បានបញ្ជាក់ដូច្នេះថា អាល្លឺម៉ង់នឹងមិនទទួលយកការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីទេ ហើយថា នោះជាការរំលោភច្បាប់អន្តរជាតិ ដែលនៅតែជាការពិត។ អធិការបតីអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា ការការពារប្រទេស និងរក្សាសន្តិភាព គឺជាកាតព្វកិច្ចរបស់លោកក្នុងនាមជាអធិការបតីអាល្លឺម៉ង់។

លោកបន្ថែមថា លោកមិនមានគម្រោងទៅធ្វើទស្សនកិច្ចនៅទីក្រុងកៀវ បន្ទាប់ពីការធ្វើដំណើរដែលបានគ្រោងទុកដោយប្រធានាធិបតីអាល្លឺម៉ង់លោក ហ្រ្វាំង វ៉ុលទែរ ស្តែនម៉ៃយឺ ត្រូវបានលុបចោលដោយសារតែការជំទាស់របស់ភាគីអ៊ុយក្រែន៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner