នាយករដ្ឋមន្ត្រីជប៉ុន យល់ព្រមលើកិច្ចព្រមព្រៀងការពារជាតិជាមួយរាជាណាចក្រថៃ

បាងកក៖ មេដឹក​នាំ​ជប៉ុន​ និង​ថៃ​ បាន​ប្រកាស​កិច្ច​ព្រម​ព្រៀង​ការពារ​ជាតិ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​ដូច​ជា​ផែនការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ទ្វេ​ភាគី​ ខណៈ​ដែល​នាយក​រ​ដ្ឋ​មន្ត្រី​ជប៉ុន​ ហ្វូមីអូ​ គីស្សីដា​​ ​បញ្ចប់​ជើង​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​៣​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​សម្ភារៈ​ និង​បច្ចេកវិទ្យា​ការពារ​ជាតិ​ពី​​ជប៉ុន​ទៅ​​​ថៃ ​ដែល​មាន​កង​ទ័ព​ដ៏​ធំ​បំផុត​ក្នុង​តំបន់​ និង​មាន​ប្រវត្តិ​ទំនាក់​ទំនង​យូរ​អង្វែង​ជាមួយ​យោធា​សហរដ្ឋ​អាមេរិក​។​​ យ៉ាង​ណា​មិញ​ ព័ត៌មាន​លម្អិត​បន្ថែម​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ​។​

នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក ​ប្រាយុទ្ធ​ ចាន់អ៊ូចា ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​​​ថា​៖​ «​នេះ​នឹង​ជួយ​កែ​លម្អ​វិស័យ​ការពារ​ជាតិ ​និង​គាំទ្រ​ការ​វិនិយោគ​ពី​​ជប៉ុន​នៅ​ក្នុង​សកម្មភាព​នេះ​ ដែល​ជាគោ​លដៅ​សំខាន់​សម្រាប់​ប្រទេស​ថៃ​»​។​

លោក​ ប្រាយុទ្ធ​ និយាយ​ថា​ លោក​បាន​ពិភាក្សា​អំពី​ការ​កែ​លម្អ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ និង​ការ​ព្រាង​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​​ជប៉ុន​ ដែល​ជា​អ្នក​វិនិយោគ​ធំ​ជាង​គេ​របស់​​​ថៃ​។​

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​ អាស៊ី​អាគ្នេយ៍​គឺ​ជា​តំបន់​ដ៏​សំខាន់​មួយ​សម្រាប់​​ជប៉ុន​ លើកា​រ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ រាប់​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ វិស្វកម្ម​ និង​តំបន់​ឧស្សាហកម្ម​ រហូត​ដល់​ការ​ផលិត​យាន​យន្ត​ និង​អេឡិច​ត្រូនិច​។​តំបន់​នេះ​នៅ​តែ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ជប៉ុន​គឺ​សហរដ្ឋ​អាមេរិក​ និង​គូ​ប្រជែង​ចិន​ ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ី​អាគ្នេយ៍​។​ ​

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ថៃ​ លោក ​គីស្សីដា​ ​ក៏​បាន​លើក​ឡើង​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ ដោយ​អរគុណ​លោក​ ប្រាយុទ្ធ ​ក្នុង​ការ​ដំណោះ​ស្រាយ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​មីនា​ ដែ​ល​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​នេះ​។​ លោក​ គីស្សីដា ​និយាយ​ថា​៖​ «​ខ្ញុំ​បាន​យល់​ស្រប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ ​ថា​នៅ​ក្នុង​តំបន់​ណា​មួយ​ ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​ ឬ​ការ​ផ្លាស់​ប្តូរ​ជា​ឯកតោភាគី​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ដោយ​កម្លាំង​ មិន​គួរ​ត្រូវ​បាន​អត់​ឱន​ឱ្យ​សោះ​»​។​​ យ៉ាង​ណា​មិញ​ ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ មាន​តែ​សិង្ហបុរី​ប៉ុណ្ណោះ​ ដែល​ចូល​រួម​ជាមួយ​បស្ចិម​លោក​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner