សហភាពអឺរ៉ុបអាចនឹងផ្តល់ការលើកលែងចំពោះហុងគ្រី និងស្លូវ៉ាគី ពីការចូលរួមជាមួយប្លុកដាក់ទណ្ឌកម្មប្រេងរុស្ស៊ី

ប្រ៊ុចសែល៖ ​មន្ត្រី​សហភាព​អឺរ៉ុប​២​រូប​​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ គណៈកម្មការ​អឺរ៉ុប​អាច​នឹង​ផ្ដល់​ការ​លើក​លែង​ចំពោះ​​ហុងគ្រី ​និង​ស្លូវ៉ាគី​ ពី​ការ​ចូល​រួម​ជាមួយ​ប្លុក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បិទ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​ ​ដោយ​គិត​ពី​ការ​ពឹង​ផ្អែក​របស់​ប្រទេស​ទាំង​២​លើ​ប្រេង​ឆៅ​​រុស្ស៊ី​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់សារ​ព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​ជា​អនាមិក​​​។

គណៈកម្មការ​ប្លុក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ការងារ​នៅ​ថ្ងៃ​អង្គារ ​​​លើ​កញ្ចប់​ទី​៦​នៃ​ទណ្ឌកម្ម​របស់​សហភាព​ អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​ជុំ​វិញ​សកម្មភាព​​​នៅ​​អ៊ុយក្រែន ​ដែល​នឹង​រួម​បញ្ចូល​ការ​ហាម​ឃាត់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ទីក្រុង​ម៉ូស្គូ​។​ កញ្ចប់​នេះ​​នឹង​​ត្រូវ​​បង្ហាញ​​ដល់​​ឯកអគ្គ​រដ្ឋ​ទូត​​​នៃ​​រដ្ឋាភិបាល​​សហភាព​​អឺរ៉ុប​​​នៅ​​ថ្ងៃ​​ពុធ​​។​

ហុងគ្រី ​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រេង​របស់​រុស្ស៊ី​ ​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួន​នឹង​មិន​ចុះ​ហត្ថលេខា​លើ​ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​ថាមពល​នោះ​ទេ​។​ ចំណែក​ឯ​ស្លូវ៉ាគី​វិញ​ ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​សហភាព​អឺរ៉ុប​ដែល​ពឹង​ផ្អែក​ខ្លាំង​បំផុត​លើ​ឥន្ធនៈ​ហ្វូស៊ីល​របស់​រុស្ស៊ី​។​

មន្ត្រី​​ម្នាក់​​​និយាយ​​​ថា​ ដើម្បី​​រក្សា​​ប្លុក​​២៧​​ប្រទេស​​ឱ្យ​​រួប​រួម​​​គ្នា​ គណៈកម្មការ​​អាច​​នឹង​​ផ្តល់​​ឲ្យ​​ស្លូវ៉ាគី​ និង​​ហុងគ្រី​ «​​ការ​​លើក​​លែង​ ឬ​​រយៈ​ពេល​​អន្តរកាល(ផ្លាស់ប្ដូរ)​​ដ៏​​វែង​»​។ ​មន្ត្រី​ទាំង​២​​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ប្រេង​ទំនង​ជា​ដាក់​ចេញ​ជា​ដំណាក់​កាល​ៗ​ ដែល​ភាគ​ច្រើន​ទំនង​ជា​នឹង​មាន​ប្រសិទ្ធិភាព​ពេញ​លេញ​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ​ទៅ​។​

អឺរ៉ុប​គឺ​ជា​គោលដៅ​សម្រាប់​ការ​នាំ​ចេញ​ប្រេង​ឆៅ ​និង​ផលិត​ផល​ប្រេង​របស់​រុស្ស៊ី​ជិត​ពាក់​កណ្តាល ​ដែល​ផ្តល់​ឱ្យ​ទីក្រុង​ម៉ូស្គូ​នូវ​ប្រភព​ចំណូល​ដ៏​ច្រើន​ ដែល​ប្រទេស​នានា​មួយចំ​នួន​របស់​ប្លុក​និយាយ​ថា​ ​ត្រូវ​តែ​កាត់​បន្ថយ​ ដើម្បី​បញ្ឈប់​ការ​ផ្តល់​មូល​និធិ​ដល់​សកម្មភាព​យោធា​របស់​ខ្លួន​នៅអ៊ុ​យក្រែន​។​ យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ថាមពល​និង​ខ្យល់​ស្អាត​ គិត​តែ​ពី​ថ្ងៃ​ប្រតិបត្តិការ​យោធា​ឈ្លាន​ពាន​ចាប់​ផ្ដើម​ មក​ទល់​ពេល​នេះ​ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​បាន​ទូទាត់​ប្រាក់​ឱ្យ​រុស្ស៊ី​ជិត​ ២០ ​ប៊ីលាន​អឺរ៉ូ​រួច​ទៅ​ហើយ​។​ ​

​សរុប​មក​ សហភាព​អឺរ៉ុប​ពឹង​ផ្អែក​លើ​រុស្ស៊ី​​ ២៦ ​ភាគ​រយ​នៃ​ការ​នាំ​ចូល​ប្រេង​របស់​ខ្លួន​។​ យោង​​តាម​​ទីភ្នាក់ងារ​​ថាមពល​​អន្តរជាតិ​​ ស្លូវ៉ាគី​​ ​​​នាំ​ចូល​ប្រេងឆៅ​ និង​ផលិត​ផល​ប្រេង​​ ៩៦ ​​ភាគ​​រយ​​ ខណៈ​​​ហុងគ្រី​​ នាំ​ចូល​ ៥៨ ​​ភាគ​​រយ​នៃ​ផលិតផល​ដូចគ្នា​​​ពី​​​​រុស្ស៊ី​​កាល​​ពី​​ឆ្នាំ​​មុន​​​​​។

យ៉ាង​ណា​មិញ​ អ៊ុយក្រែន​ហាក់​បង្ហាញ​សញ្ញា​នៃកា​រ​យល់​ដឹង​អំពី​ជំហរ​ពេល​នេះ​របស់​ស្លូវ៉ាគី​ ដោយ​រដ្ឋ​មន្ត្រីកា​រ​បរទេស​អ៊ុយក្រែន​ បាន​បង្ហោះសារ​ថ្លែង​អំណរ​គុណ​រួម​ទាំង​ចំពោះ​ការ​ស្វាគមន៍​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ ជំនួយ​មនុស្ស​ធម៌​ ការ​ផ្គត់​ផ្គង់​សព្វាវុធ​ ការ​គាំទ្រ​ឱ្យ​អ៊ុយក្រែន​ក្លាយ​ជា​បេក្ខជន​ចូលសហភាព​អឺរ៉ុប​​ និង​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​មាន​ការ​នាំ​ចេញ​ដោយ​គ្មាន​ពន្ធ​ទៅ​កាន់​ប្លុក​​ជាដើម​។​ ​

ព័ត៌មាន​ស្ដី​ពី​ការ​លើក​លែង​ចំពោះ​សមាជិក​ប្លុក​ទាំង​ហុងគ្រី​ និង​ស្លូវ៉ាគី​ ធ្វើ​ឡើង​បន្ទាប់​ពី​​អាល្លឺម៉ង់​ ដែល​ជា​អ្នក​ទិញ​ប្រេង​កំពូល​របស់​រុស្ស៊ី​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ​និយាយ​នា​ពេល​ថ្មី​ៗ​ថា​ ខ្លួន​អាច​គ្រប់​គ្រង​ការ​ដាក់​ទណ្ឌកម្ម​ ដោយ​ដំបូង​ឡើយ​ត្រូវ​ទប់​ទល់​នឹង​​ផល​ប៉ះពាល់​សេដ្ឋកិច្ច​សិន​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner