អតីតរដ្ឋអាជ្ញាកូរ៉េខាងត្បូង នឹងឡើងកាន់តំណែងជាប្រធានាធិបតី ខណៈមានការរំពឹងទុកតិចពីប្រជាជនក្នុងការដោះស្រាយបញ្ហាប្រទេស

ប្រជាជន​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​មានកា​រ​រំពឹង​ទុក​ទាប​ចំពោះ​ប្រធានាធិបតី​ថ្មី​ ដែល​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​មីនា​​ លោក​ យូន​ ស៊ុកយ៉ល​ (Yoon Suk-yeol) ​ប៉ុន្តែ​នឹង​សង្ឃឹម​ថា​លោក​អាច​ស្វែង​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ និង​បង្រួប​បង្រួម​ប្រទេស​ដែល​បែក​បាក់​កាន់​តែ​ខ្លាំង​ឡើង​។​

ប្រជាជន​ខ្លះ​ទីក្រុង​ភាគនិរតី​​ Gwangju ​កំពុង​រង់​ចាំ​មើល​ថា​តើ​លោក​អាច​តាម​ដាន​ការ​ពិភាក្សា​យុទ្ធនាការ​ និង​ជួយ​ទីក្រុង​ឱ្យ​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ខ្វះ​ខាត​។​ ក្នុង​សុន្ទរកថា​១​នៅ​ក្រុង​នេះ​កាល​ពី​ខែ​កុម្ភៈ​ លោក​ យូន ​និយាយ​ថា​ ​កង្វះ​ផ្សារ​ទំនើប​ធំ​១​​ក្នុង​​ក្រុង​ដែល​មាន​ប្រជាជន​ចំនួន​ ១,៤៣ ​លាន​នាក់​នេះ​​ ជា​និមិត្ត​រូប​នៃ​​​អសមត្ថភាព​នៃ​ការ​គ្រប់​គ្រង​ឆ្វេង​និយម​របស់​លោក​ប្រធានាធិបតី​ មូន ​ចែអ៊ីន​ (Moon Jae-in)​។

ក្នុង​វ័យ​ ៦១ ​ឆ្នាំ​ លោក​ យូន ​​ដែល​ជា​អ្នក​នយោបាយថ្មី​​ថ្មោងដឹកនាំ​​​​គណបក្ស​​​អំណាច​​ប្រជាជន​អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​ បាន​ធ្វើ​ការ​ជំនួស​​ក្រុម​ឈ្មួញ​ក្នុង​ស្រុក​ ដើម្បី​រារាំង​ការ​សាង​សង់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​ក្នុង​​ក្រុង​ Gwangju ​។​ លោក​ យូន ​និយាយ​នា​ពេល​នោះ​ថា​៖ ​«​​​ប្រជាជន​​ចង់​​បាន​ផ្សារ​ទំនើប​ អញ្ចឹង​​តើ​​អ្នក​​នយោបាយ​​អាច​​បិទ​មិន​ឱ្យមាន​​​ដោយ​​​របៀប​​​​ណា​? ពួក​គេ​​មិន​​អាច​​ធ្វើ​​ដូច្នេះ​​បាន​​ទេ​»​។

ជា​ការ​ពិត​ណាស់​ ផ្សារ​ទំនើប​១​សម្រាប់​ទីក្រុង​ Gwangju​ ​នឹង​មិន​ស្ថិត​ក្នុង​បញ្ជី​ការងារ​បន្ទាន់​របស់​លោក​ យូន ​​​នៅ​ពេល​​លោក​ឡើង​កាន់​តំណែង​​​នៅ​ថ្ងៃ​ទី​ ១០ ​ខែ​ឧសភា​ ខាង​មុន​នេះ​នោះ​ទេ​។​ យ៉ាង​ណា​មិញ​ សុន្ទរកថា​ក្នុង​ក្រុង​ Gwangju ​របស់​លោក​ ​ឆ្លុះ​បញ្ចាំង​ពី​ចរិត​លក្ខណៈ​ប្រយុទ្ធ​របស់​អ្នក​ដឹក​នាំ​ថ្មី​។​ ការ​​ដាក់​​​ខ្លួន​​លោក​​​ជា​អ្នកចម្បាំង​​ដើម្បី​​យុត្តិធម៌​ ​សម​​នឹង​​គំរូ​​ដែល​​គេ​​ឃើញ​​ក្នុង​​​អាជីព​ចាស់​​ជា​​រដ្ឋ​អាជ្ញា​របស់​លោក​។​

លោក​ យូន ​ចូល​កាន់​តំណែង​​ដោយ​យក​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​ ០៩ ​ខែ​មីនា​ លើ​បេក្ខជន​គណបក្ស​កាន់​អំណាច​ លោក​ Lee Jae-myung ​ហើយ​ហៅ​ជ័យ​ជម្នះ​របស់​លោក​ថា​ជា​ «​ជ័យ​ជម្នះ​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ដ៏​អស្ចារ្យ​»​។​ ប៉ុន្តែ​លទ្ធផល​ឆ្នោត​ គឺ​ជា​លទ្ធផល​ដែល​ប្រកៀក​ប្រកើយ​គ្នា​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​កូរ៉េ​ខាង​ត្បូង​ ដោយ​លោក​យក​ឈ្នះ​ត្រឹម​សម្លេង​ច្រើន​ជាង​គូ​ប្រជែង​មិន​ដល់​ ១ ​ភាគ​រយ​ផង​។​ ​

លោក​ប្រធានាធិបតី​ មូន ​ដែល​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​ ២០១៧ ​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​ដោយ​បន្សល់​ទុក​នូវ​សមិទ្ធិផល​ លាយ​ឡំ​នឹង​ការ​ខក​ចិត្ត​។​ លោក​ប្រើ​ការ​ចំណាយ​សារពើពន្ធ​យ៉ាង​គឃ្លើន ​ដើម្បី​រក្សា​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ត្បូង​ឱ្យ​រីក​ចម្រើន​ក្នុង​អំឡុង​ជំងឺ​រាត​ត្បាត​។​ ប៉ុន្តែ​លោក​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​គោល​នយោបាយ​ខុស​លើ​លំនៅ​ដ្ឋាន​ ដែល​ធ្វើឱ្យ​​​​តម្លៃ​អចលនទ្រព្យក្នុង​ប្រទេស​​​កើន​​ឡើង​ពេញ​១​អាណត្តិ​របស់​ខ្លួន​។​

លោក​ យូន ​នឹង​ទទួល​ភារកិច្ច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ រួម​ជាមួយ​នឹង​បញ្ហា​គម្លាត​រវាង​ប្រជាជន​សាមញ្ញ​ និង​ក្រុម​អ្នក​មាន​ខ្ពង់​ខ្ពស់​ នៅ​ពេល​ឡើង​កាន់​អំណាច​ ប៉ុន្តែ​ការ​រំពឹង​មាន​ទាប​។​ ​ការ​ស្ទង់​មតិ​ដែល​​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មេសា​របស់​ស្ថាប័ន​ស្រាវ​ជ្រាវ​ Gallup Korea ​​រក​ឃើញ​ថា​មាន​តែ​ ៥៥​​ ភាគ​រយ​នៃ​អ្នក​ឆ្លើយ​សំណួរ​ដែល​រំពឹង​ថា​ លោក​ យូន​ នឹង​ធ្វើ​ការងារ​បាន​ល្អ​ពេល​កាន់​អំណាច​ ដែល​ជា​ភាគ​រយ​តិច​ជាង​ប្រធានាធិបតី​មុន​ៗ​។​ មុន​ពេល​​ចូល​កាន់​តំណែង​ ការ​ស្ទង់​មតិ​ដូច​គ្នា​សម្រាប់​លោក​ មូន ​មាន​ដល់​ ៨៧ ​ភាគ​រយ​ ខណៈ​អ្នក​ស្រី​ ផាក ​ហ្គឺនហ្យេ​ ​មាន​ដល់​ ៧៨ ​ភាគ​រ​​យ​។​

​ការ​​ប្រឆាំង​​នឹង​​លោក ​យូន ​ក៏​​ជា​​ការ​​ពិត​​ដែល​​គណបក្ស​​ប្រជាធិបតេយ្យ​​នៅ​​​តែ​​មាន​​សំឡេង​​បញ្ជា​​ភាគ​ច្រើន​​ក្នុង​​រដ្ឋ​សភា​។​ លោក​​ Song Se-ryun ​សាស្ត្រាចារ្យ​ច្បាប់​នៅ​សកល​វិទ្យាល័យ​ Kyunghee ​ក្នុង​ទីក្រុង​សេអ៊ូល​ និយាយ​ប្រាប់​កាសែត​ Nikkei Asia ​ថា​៖​ «​លោក​ យូន ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ទំនាក់​ទំនង​ការងារ​ជាមួយ​គណបក្ស​ប្រឆាំង​​ ប្រសិន​បើ​លោក​ចង់​ធ្វើ​អ្វី​មួយ​តាម​នីតិ​បញ្ញត្តិ​»​។​ លោក​បន្ត​ថា​៖​ «​ជា​ជាង​ផ្តោត​លើ​ភាព​តែ​មួយ​ ភាគី​ទាំង​២​មាន​របៀប​វារៈ​កំណែ​ទម្រង់​ជា​ច្រើន​ ជា​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ជំនាន់​ និង​ចក្ខុ​វិស័យ​ថ្មី​ៗ​សម្រាប់​អនាគត​»​។​ ​

លោក​ យូន ​កើត​នៅ​ក្រុង​សេអ៊ូល ​មាន​ឪពុក​ម្ដាយ​ជា​គ្រូ​បង្រៀន​ ហើយ​ចូល​រៀន​នៅ​សាលា​ផ្សព្វផ្សាយ​សាសនា​ប្រូតេស្តង់​មួយ។​​ អតីត​មិត្ត​រួម​ថ្នាក់​របស់​លោក ​ដែល​រៀន​ជាមួយ​គ្នា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ​លោក​ Zhang Ki-chul ​និយាយ​ប្រាប់​កាសែត​ Nikkei Asia ​ថា​ ជំនឿ​សាសនា​ដែល​លោក​ យូន ​ទទួល​បាន​នៅ​ទីនោះ​អំពី​ការ​សង្គ្រោះ​ព្រលឹង​មនុស្ស​​បាប​បាន​ដើរ​តួនាទី​ក្នុង​ការ​រៀប​ចំ​ទស្សនៈ​ពិភព​លោក​របស់​លោក​។​ ​

លោក​ យូន ​បាន​ចូល​សិក្សា​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​ជាតិ​សេអ៊ូល​ ដែល​ជា​ស្ថាប័ន​អប់រំ​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​លោក​បាន​ចំណាយ​ពេល​ ៩ ​ដង​ ​មុន​ប្រឡង​ជាប់​ក្លាយ​ជា​រដ្ឋ​អាជ្ញា​។​

​លោក​ Christophe Duvert ​ជំនួយ​ការ​សាស្រ្តាចារ្យ​នៅ​​នាយក​ដ្ឋាន​ច្បាប់​សកល​នៃ​សាកល​វិទ្យាល័យ​ Soongsil ​ក្នុង​ទីក្រុង​សេអ៊ូល​ និយាយ​ថា​៖​ ​«​វិជ្ជាជីវៈ​ជា​​រដ្ឋ​អាជ្ញា​ទាក់​ទាញ​មនុស្ស​ដែល​មាន​មហិច្ឆតា​ជា​ច្រើន​ ដែល​ប្រើ​វា​ជា​យាន​ជំនិះ​ឆ្ពោះ​ទៅ​រកការ​ប្រឡូក​ក្នុង​​​វិស័យ​នយោបាយ​។ រដ្ឋអាជ្ញា​ជា​ច្រើន​មើល​ឃើញ​ថា​ខ្លួន​ជា​អ្នក​ចម្បាំង​ដើម្បី​យុត្តិធម៌​ ហើយ​ពួក​គេ​មើល​ឃើញ​តួនាទី​របស់​ខ្លួន​ជា​អ្នក​ការពារ​សង្គម​ពី​ឧក្រិដ្ឋ​ជន​»​។​ ​

​លោក​ យូន ​ចាប់​ផ្ដើម​ល្បី​នៅ​ឆ្នាំ​ ២០១៦ ​​​ពេល​​លោក​មាន​ភារកិច្ច​ស៊ើប​អង្កេត​អតីត​ប្រធានាធិបតី​អ្នក​ស្រី​ ផាក ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ និង​ការ​ជួញ​ដូរ​ឥទ្ធិពល​នៅ​ពេល​នោះ​។​ ​ទី​បំផុតអ្នក​ស្រី​ ផាក ​ត្រូវ​​ដក​ចេញ​ពី​តំណែង ​ហើយ​ជំនួស​ដោយ​លោក ​មូន ​​ដែល​ជា​អ្នក​តែង​តាំង​លោក​ យូន ​ឱ្យ​ក្លាយ​ជា​អគ្គ​រដ្ឋ​អាជ្ញា​។​

ប៉ុន្តែ​ទំនាក់​ទំនង​លោក​ យូន ​និង​លោក​ មូន​ ប្រែ​ជា​ជូរ​ចត់​។​ ​​រដ្ឋអាជ្ញា​​ក្រោម​​ការ​​ដឹក​នាំ​​របស់​​លោក​ យូន ​​​ក៏​​ស៊ើប​អង្កេត​​លើ​​ការ​​ចោទ​​ប្រកាន់​​​ពី​​ការ​​ប្រព្រឹត្ត​​ខុស​​ពាក់​ព័ន្ធ​​នឹង​​សម្ព័ន្ធ​មិត្ត​​នយោបាយ​​របស់​​លោក​ប្រធានាធិបតី​ មូន​។​ ជាមួយ​គ្នា​នោះ ​លោក​ យូន ​ក៏​បដិសេធ​មិន​សហការ​ជាមួយ​​រដ្ឋបាល​លោក ​មូន ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​កាត់​ទោស​តាម​របៀប​មួយ​ដែល​នឹង​ដក​ហូត​អំណាច​ស៊ើប​អង្កេត​សំខាន់​ៗ​។​ លោក​ យូន ​និង​រដ្ឋ​អាជ្ញា​ផ្សេង​ទៀត​​ទទូច​ថា​ ការ​បន្ថយ​អំណាច​របស់​ទីភ្នាក់ងារ​នេះ​នឹង​នាំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​កាន់​តែ​ច្រើន​។​ ​

ក្រោយ​មក​ទៀត​ លោក ​យូន​ ក៏​លា​លែង​ចេញ​ពី​តំណែង​ ដោយ​តែង​ជំទាស់​ជា​សាធារណៈ​ចំពោះ​លោក​ មូន​។​ អ្នក​នយោបាយ​ប្រឆាំង​១​ចំនួន​ចាប់​ផ្ដើម​ហៅ​លោក​ថា​ ជា​បុរស​មាន​គោលការណ៍​ច្បាស់​លាស់ ​និង​ជា​វីរជន​ ហើយតាំង​​ពី​ពេល​នោះ​មក​ ​​លោក​ក៏​ទទួល​​សម្លេង​គាំទ្រ​លើ​ផ្នែក​នយោបាយ​កាន់​តែ​ច្រើន​ឡើង​​​។  ​

យ៉ាង​ណា​មិញ​ អ្នក​រិះ​គន់​បារម្ភ​ថា​ លោក​ យូន ​នឹង​នាំ​យក​ទំនោរ​ប្រឈម​មុខ​ដាក់​គ្នា​របស់​លោក​ទៅ​កាន់​តំណែង​ប្រធានាធិបតី​ ដែល​ជា​ការិយាល័យ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​។​ លោក​ Erik Mobrand ​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ជាតិ​ Seoul ​និយាយ​ថា​​​៖ ​«​មាន​ភាព​មិន​​ច្បាស់​លាស់​ជា​ច្រើន​នៅ​​កូរ៉េ​[ខាងត្បូង​]​នាពេល​នេះ​ អំពី​អ្វី​ដែល​លោក​ប្រធានាធិបតី​ យូន ​នឹង​ប្រើ​ប្រាស់​។​ ការ​ព្រួយ​បារម្ភ​ឈាន​មុខ​គេ​​​គឺ​ការ​ធ្វើ​នយោបាយកម្ម​ច្បាប់ ​​ ហើយ​ក្រុម​គោលដៅ​នោះ​គឺ​ឥស្សរជន​ដែលធ្វើ​​ការ​ក្នុង​រដ្ឋបាល​លោក ​មូន ​និង​អ្នក​រិះ​គន់លោក​​ យូន​ធំ​ៗ​​»។ ​

ក្នុង​​ផ្នែក​​នយោបាយ​​ការ​​បរទេស លោ​ក ​យូន ​​បាន​​និយាយ​​អំពី​​ការ​​ពង្រឹង​​សម្ព័ន្ធ​ភាព​​របស់​​កូរ៉េ​​ខាង​​ត្បូង​​ជាមួយ​​សហរដ្ឋ​​អាមេរិក​ និង​​ចាត់​​វិធានការ​​តឹង​រ៉ឹង​​ជាង​​មុន​​ចំពោះ​​​​ចិន​។​ លោកក៏​បាន​និយាយ​ផង​ដែរ​ អំពី​ការ​ជួស​ជុល​ទំនាក់​ទំនង​​ជាមួយ​​ជប៉ុន​ បន្ទាប់​ពី​ទំនាក់​ទំនង​ទ្វេភាគី​​ធ្លាក់​ចុះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​មូន ​ដោយ​សារ​តែ​ការ​ខ្វែង​គំនិត​គ្នា​លើ​ប្រវត្តិ​សាស្ត្រ​សង្រ្គាម​ដ៏​ជូរ​ចត់​នៃ​ប្រទេស​ទាំង​២​។​​

ចំពោះ​បញ្ហា​ក្នុង​ស្រុក​ លោក ​យូន ​នឹង​ប្រឈម​មុខ​នឹង​សំណួរ​សេដ្ឋកិច្ច​ ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​មុន​ៗ​លោក​ជាច្រើន​វិល​មុខ​។ ​ក្រុម​សេដ្ឋកិច្ច​របស់​លោក ​បាន​និយាយ​អំពី​ការ​កាត់​បន្ថយ​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​​ក្នុង​សេដ្ឋកិច្ច​ ខណៈ​​រិះ​គន់​គោល​នយោបាយ​របស់​រដ្ឋបាល​លោក ​មូន​​​។ ​លោក ​យូន ​សន្យា​ថា​ លោក​នឹង​អនុញ្ញាត​ឱ្យ​សាជីវកម្ម​ធំ​ៗ​ មាន​ជម្រើស​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​សង្ឃឹម​ថា​ ប្រាក់​ចំណេញ​សាជីវកម្ម​កាន់​តែ​ខ្ពស់​ នឹង​ជំរុញ​ការ​បង្កើត​ការ​ងារ​។

ប្រភព៖ Asia Nikkie

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner