អ៊ីស្រាអែលថ្កោលទោសការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពីហ៊ីត្លែរ និងជនជាតិជ្វីហ្វ
កាលពីថ្ងៃចន្ទ ទី២ ឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកណាហ្វតាលី បេនណេតបានថ្កោលទោសការលើកឡើងថ្មីៗនេះដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេ ឡាវរ៉ូវ ដែលរួមមានការលើកឡើងថាជនជាតិជ្វីហ្វគឺជា «អ្នករើសអើងជនជាតិជ្វីហ្វធំបំផុត»។
ក្រសួងការបរទេសអ៊ីស្រាអែលក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ៊ីស្រាអែលឱ្យមកបកស្រាយបំភ្លឺការលើកឡើងរបស់លោកឡាវរ៉ូវ ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកយ៉ែរ ឡាពីដ បានទាមទារឱ្យមានការសុំទោស។
កាលពីថ្ងៃអាទិត្យ លោកឡាវរ៉ូវបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានប៉ុស្តិ៍ទូរទស្សន៍អ៊ីតាលីមួយ ដោយក្នុងនោះលោកត្រូវបានគេសួរថាហេតុអ្វីបានជារុស្ស៊ីនៅតែអះអាងថាពួកគេកំពុង «បំបាត់លទ្ធិណាហ្ស៊ីនិយម» ចេញពីប្រទេសអ៊ុយក្រែន បើទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោកវ៉ុលូឌីមៀរ ហ្សេលេនស្គី គឺជាជនជាតិជ្វីហ្វ។ លោកឡាវរ៉ូវបានឆ្លើយតបនឹងសំណួរនេះដោយអះអាងថាមេដឹកនាំណាហ្ស៊ីលោកអាដុល ហ៊ីត្លែរ ក៏មានឈាមពូជពង្សជនជាតិជ្វីហ្វដែរ ប៉ុន្តែការអះអាងបែបត្រូវបានច្រានចោលទាំងស្រុងដោយអ្នកជំនាញ។ បន្ថែមពីលោកឡាវរ៉ូវបាននិយាយថា៖ «អស់ជារយៈពេលជាយូរមកហើយ យើងបានឮពីអ្នកប្រាជ្ញជនជាតិជ្វីហ្វីថាអ្នករើសអើងជនជាតិជ្វីហ្វធំបំផុតគឺជាជនជាតិជ្វីហ្វខ្លួនឯងផ្ទាល់»។
លោកប៉េនណេតវិញបាននិយាយថាលោកមើលការលើកឡើងរបស់លោករបស់លោកឡាវរ៉ូវ គឺ «មិនពិត ហើយចេតនាគឺខុស»។ លោកបន្ថែមទៀតថា៖ «គោលដៅរបស់ការកុហកបែបនេះ គឺដើម្បីចោទប្រកាន់ជនជាតិជ្វីហ្វខ្លួនឯងអំពីឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានប្រព្រឹត្តប្រឆាំងពួកគេ ហើយជាហេតុជាការកម្ចាត់ការទទួលខុសត្រូវសម្រាប់សត្រូវរបស់អ៊ីស្រាអែល»។
រីឯលោកឡាពីដវិញបាននិយាយថាការលើកឡើងរបស់លោកឡាវរ៉ូវគឺជា «ការលើកឡើងមិនអាចអត់ឱនបាន និងហួសហេតុ ហើយក៏ជាកំហុសប្រវត្តិសាស្ត្រដ៏អាក្រក់មួយ»។ លោកបន្ថែមទៀតថា៖ «ជនជាតិជ្វីហ្វមិនបានប្រល័យពូជសាសន៍ខ្លួនឯងនៅក្នុង Holocaust ទេ។ កម្រិតថោកទាបបំផុតនៃការរើសអើងជនជាតិជ្វីហ្វ គឺការចោទប្រកាន់ជនជាតិជ្វីហ្វខ្លួនឯងថាជាអ្នករើសអើងខ្លួនឯង»។
ចាប់តាំងពីការផ្ដើមការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ប្រទេសអ៊ីស្រាអែលបានព្យាយាមដើរផ្លូវកណ្ដាល។ អ៊ីស្រាអែលបានព្យាយាមសម្របសម្រួលការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានជៀសវាងបង្កភាពតានតឹងជាមួយរុស្ស៊ី ជាពិសេសដោយសាររុស្ស៊ីមានវត្តមានយោធាដ៏ធំនៅក្នុងប្រទេសស៊ីរី។ បើទោះជាយ៉ាងនេះក៏ដោយ មេដឹកនាំអ៊ីស្រាអែលមានភាពរសើបយ៉ាងខ្លាំងចំពោះការលើកលើងរបស់មន្ត្រីបរទេសអំពីការប្រល័យពូជសាសន៍កាលពីសង្គ្រាមលោកលើកទីពីរ៕
ប្រភព៖ New York Times