ប្រធានប្រតិភូខេត្តសៀមរាប បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើន សម្រាប់អត្តពលិក និងប្រតិភូ

ប្រតិភូកីឡាខេត្តសៀមរាបបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ចំនួន៦ប្រភេទកីឡា ក្នុងនោះមានបាល់ទាត់កុមារី បាល់ទះកុមារា បាល់បោះកុមារា អត្តពលកម្មកុមារា កុមារី វាយកូនឃ្លីលើតុកុមារា តេក្វាន់ដូ WT កុមារា កុមារី សរុបមានចំនួន៧៩នាក់។

លោក ជួន សុខវ៉ាន់ឌី ប្រធានប្រតិភូដឹកនាំកីឡាខេត្តសៀមរាបគូសបញ្ជាក់ថា ក្នុងចំណោម៦ប្រភេទកីឡារបស់ខ្លួន គឺមានតែ២ប្រភេទកីឡាទេ ដែលកំពុងដំណើរការប្រកួត គឺបាល់បោះ និងបាល់ទះ ខណៈបាល់ទាត់កុមារីបានធ្លាក់ក្នុងវគ្គចែកពូល។ មូលហេតុ ដែលខេត្តសៀមរាបបានបញ្ជូនត្រឹម៦ប្រភេទកីឡា ក្នុងចំណោម៨ប្រភេទកីឡា ដែលក្រសួងអប់រំ យុវជន និងកីឡារៀបចំ គឺដោយសារខេត្តសៀមរាបបានសម្រិតសម្រាំងយកធនធានកីឡាករ កីឡាការិនី ដែលប្រកួតថ្នាក់ខេត្តកន្លងទៅ។ ដូច្នេះធនធានកុមារខេត្តសៀមរាប ដែលចូលរួមប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ នាពេលនេះ គឺសុទ្ធសឹងតែយកចេញពីការប្រកួតថ្នាក់ខេត្តរួចហើយ។

ប្រធានប្រតិភូកីឡាខេត្តសៀមរាបរូបនេះដាក់ក្តីសង្ឃឹមខ្លាំងតែទៅលើប្រភេទវិញ្ញាសាឯកត្តជន ដូចជាលើប្រភេទកីឡាអត្តពលកម្ម តេក្វាន់ដូ WT និងវាយកូនឃ្លីលើតុប៉ុណ្ណោះ ខណៈប្រភេទកីឡាជាក្រុមមិនត្រូវបានលោកដាក់ក្តីសង្ឃឹមខ្ពស់ទេ។

ពាក់ព័ន្ធនឹងការទទួលស្នាក់នៅ ហូបចុក និងការដឹកជញ្ជូនវិញ លោក ជួន សុខវ៉ាន់ឌី បានអះអាងយ៉ាងដូច្នេះថា «យើងខ្ញុំឃើញថា ការរៀបចំលើបញ្ហាស្នាក់នៅ របបអាហារ និងការដឹកជញ្ជូន គឺខាងក្រសួងអប់រំ យុវជន និងកីឡាបានយកចិត្តទុកដាក់ខ្ពស់ប្រកបដោយភាពល្អប្រសើរ ពោលគឺទទួលយកបាន»។

ពាក់ព័ន្ធនឹងការកំណត់អាយុកុមារក្រោម១២ឆ្នាំស្របតាមគោលការណ៍ព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិនេះ គឺខេត្តសៀមរាបបានយកចិត្តទុកដាក់ខ្ពស់ ដោយបានរៀបចំអាយុរបស់កីឡាករ កីឡាការិនីរបស់ខ្លួនបានល្អប្រសើរ។ ជាមួយគ្នានោះ លោកប្រធានប្រតិភូក៏បានសំណូមដល់រាជាធានី-ខេត្តទាំងអស់រួមគ្នាគោរពគោលការណ៍កំណត់អាយុកុមារកុំឲ្យលើសអាយុ ដើម្បីលើកម្ពស់ដល់ការប្រកួតនេះប្រកបដោយតម្លាភាព សុក្រិតភាព និងយុត្តិធម៌ទាំងអស់គ្នា។ ម្យ៉ាងទៀត ត្រូវមានភាពស្មោះត្រង់ក្នុងការបញ្ជូនកុមារតាមការកំណត់អាយុឲ្យបានត្រឹមត្រូវ ដោយឈរលើស្មារតីកីឡា ដោយប្រកួតប្រជែងដោយយុត្តិធម៌ ដើម្បីពង្រឹងការប្រកួតនេះឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជាលក្ខណៈហ្គេម ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនេះមាន៨ប្រភេទកីឡា សរុបមាន ៣៤វិញ្ញាសា ដូចជាប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។ ចំពោះប្រភេទកីឡា ដូចជាបាល់ទាត់ បាល់បោះ បាល់ទះកំពុងដំណើរការប្រកួតជម្រុះ ខណៈ៤ប្រភេទកីឡាទៀត គឺអត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT និងតេក្វាន់ដូ ITF នឹងត្រូវដំណើរការប្រកួតនាថ្ងៃទី៤ ខែឧសភា តទៅ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner