នាយករដ្ឋមន្ត្រីជប៉ុនថា ថៃមានសក្តានុពលសម្រាប់ការវិនិយោគ

បាងកក៖ ជប៉ុននិងថៃបានសន្យាថា នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ខណៈជប៉ុនសន្យាថា នឹងមានការវិនិយោគនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ប្រទេសថៃ នៅឆ្នាំ២០២២នេះ។

ការសន្យានេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣ ឧសភា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានពិភាក្សាអំពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសមភាគីជប៉ុន Fumio Kishida ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានអះអាងថា ប្រទេសថៃមានសក្តានុពលសម្រាប់ការវិនិយោគដោយក្រុមហ៊ុនជប៉ុន ហើយប្រទេសថៃត្រូវបានចាត់ទុកដោយប្រទេសជប៉ុនថា ជាមូលដ្ឋានវិនិយោគដ៏សំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកនាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នារៀបចំផែនការរយៈពេលប្រាំឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអភិវឌ្ឍភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ។ ផែនការរយៈពេលប្រាំឆ្នាំនឹងត្រូវប្រើប្រាស់សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោក Prayut ក៏បានសន្យាគាំទ្រចំពោះគំនិតផ្តួចផ្តើមវិនិយោគអាស៊ី-ជប៉ុនដើម្បីអនាគត (AJIF) របស់ប្រទេសជប៉ុនផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា គំនិតផ្តួចផ្តើមនេះនឹងឃើញសហគ្រិនជប៉ុនវិនិយោគកាន់តែច្រើននៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត EEC និងជាពិសេស នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ក្នុងឆ្នាំនេះ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner