លោក ពូទីន៖ លោកខាងលិចអាចជួយបញ្ចប់សង្គ្រាម នៅអ៊ុយក្រែនបាន តាមរយៈការបញ្ឈប់ការបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា លោកខាងលិចអាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបាន តាមរយៈការដាក់សម្ពាធបន្ថែមលើប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងបញ្ឈប់ការផ្តល់សព្វាអាវុធដល់កងកម្លាំងរបស់ទីក្រុងកៀវ។
លោក ពូទីន បានថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលើកដំបូងរបស់លោកក្នុងរយៈពេលជាងមួយខែជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។
លោក ពូទីន បានបន្ថែមថា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនបានអើពើឡើយ ចំពោះឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយទាហានអ៊ុយក្រែន, ការបាញ់ផ្លោងលើទីក្រុងជាច្រើនក្នុងតំបន់ដុនបាស់ ដែលបណ្ដាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់។
នាឱកាសនោះដែរ លោក ម៉ាក្រុង បានអំពាវនាវសាជាថ្មីទៀតដល់លោក ពូទីន ឱ្យមានបទឈប់បាញ់ និងការចរចាដើម្បីបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក ម៉ាក្រុង បាននិយាយដូច្នេះថា ខ្ញុំបានស្នើឱ្យលោក ពូទីន អនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលបន្ថែមទៀតនៅក្នុងទីក្រុងម៉ារីយូប៉ូល។
ទីក្រុងនេះបានមើលឃើញការប្រយុទ្ធគ្នាដ៏ជូរចត់បំផុតនៃសង្គ្រាម ហើយជនស៊ីវិលរាប់រយនាក់ត្រូវបានគេជឿជាក់ថា នៅតែជាប់នៅក្រោមគំនរបាក់បែកនៃរោងចក្រដែកថែប អាហ្សូវស្តល់។
មនុស្សរាប់ពាន់នាក់ ទាំងយុទ្ធជន និងជនស៊ីវិលត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីការលុកលុយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយជាង ៥.៥លាននាក់បានភៀសខ្លួនទៅក្រៅប្រទេសក្នុងនាមជាជនភៀសខ្លួន៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និង បុត្រា