លោក ហ្សេលេនស្គី៖ អ៊ុយក្រែនអាចនឹងដាក់ស្ថានភាពអព្យាក្រឹត លើការប្រជាមតិទូទាំងប្រទេស
កៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ក្នុងថ្ងៃអង្គារថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ប្រទេសរបស់លោកអាចនឹងដាក់បញ្ហានៃស្ថានភាពអព្យាក្រឹតលើការធ្វើប្រជាមតិទូទាំងប្រទេស។
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា ប្រសិនបើការចង់បានរបស់រុស្ស៊ីចំពោះស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន គឺជាបទប្បញ្ញត្តិមួយនៃកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជម្លោះនោះ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាអំពីស្ថានភាពអព្យាក្រឹតនេះសម្រាប់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បន្តថា ទោះជាយ៉ាងណាក៏ដោយ ការធ្វើប្រជាមតិនឹងអាចធ្វើទៅបាន ដរាបណាអ៊ុយក្រែនទទួលបានការធានាសន្តិសុខពីប្រទេសជាក់លាក់។
នៅក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ក្នុងខែមីនា អ៊ុយក្រែនបានស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិថ្មីមួយស្តីពីការធានាសន្តិសុខ ដែលកំណត់កាតព្វកិច្ចសម្រាប់ប្រទេសអ្នកធានា ក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងករណីមានការវាយប្រហារ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៤ សភាអ៊ុយក្រែនបានបោះបង់ចោលឋានៈ “មិនចូលបក្សសម្ព័ន្ធ”របស់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងធ្វើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយអង្គការណាតូ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និង បុត្រា