នាយករដ្ឋមន្រ្តីអ៊ុយក្រែន៖ ប្រទេសខ្លួនទទួលបានជំនួយហិរញ្ញវត្ថុពីអន្តរជាតិសរុប ៤.៧៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
កៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ ក្នុងថ្ងៃអង្គារបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះជម្លោះជាមួយរុស្ស៉ី ប្រទេសរបស់លោកទទួលបានថវិកាចំនួន ៤.៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.៧៣ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយហិរញ្ញវត្ថុអន្តរជាតិ។
នាយករដ្ឋមន្រ្តីអ៊ុយក្រែនរូបនេះបន្តថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ប្រទេសរបស់លោកទទួលបានជំនួយចំនួន ៥០០លានដុល្លារ ពីធនាគារពិភពលោក (WB)។
លោក ស៊្មីហាល់ បានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនក៏បានចាប់ផ្តើមវេទិកាមួយ ដែលនឹងជួយដល់ការរៃអង្គាសមូលនិធិ សម្រាប់កិច្ចប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្រោយចប់សង្រ្គាមថែមទៀតផង។
ស្របពេលជាមួយគ្នានោះដែរ លោក ស៊្មីហាល់ ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រទាំងនេះ ហើយថា វានឹងជួយប្រទេសលោកបន្តរក្សានូវអត្ថប្រយោជន៍នានាសម្រាប់សង្គមបានពេញលេញដដែល ព្រមទាំងផ្តល់ឱកាសដើម្បីបង្កើតកម្មវិធីទំនុកបម្រុងថ្មីៗផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និង បុត្រា