យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិកមួយគ្រាប់ធ្លាក់ចូលដែនទឹកខាងកើត
សេអ៊ូល៖ អគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង (JCS) ក្នុងថ្ងៃពុធបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិកមួយគ្រាប់សាជាថ្មីទៀតចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន។
JCS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលដំណឹងពីមីស៊ីលផ្លោងដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើត ចេញពីតំបន់ ស៊ូណាន (Sunan) ក្នុងទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ១២៖០៣នាទីរសៀលថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ JCS បានអះអាងថា អាជ្ញាធរស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលម្អិតបន្ថែមទៀត។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី១៤ហើយ ដោយកូរ៉េខាងជើងក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះ JCS បាននិយាយថា ការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង គឺជាទង្វើបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាក្នុងសហគមន៍អន្តរជាតិ។
យ៉ាងណាមិញ JCS បានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវទង្វើបែបនេះ ដែលជាការបំពានយ៉ាងច្បាស់លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ JCS បានបន្ថែមថា យោធាកូរ៉េខាងត្បូងកំពុងតាមដានស្ថានការណ៍វិវត្តន៍បន្ថែមទៀត ខណៈរក្សាជំហរត្រៀមខ្លួនពេញលេញ សម្រាប់ការបាញ់សាកល្បងបន្ថែមទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និង បុត្រា