ពូទីន ប្រាប់មេដឹកនាំបារាំងថា បស្ចិមលោកអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់អំពើឃោរឃៅនៅអ៊ុយក្រែន
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ហើយជំរុញឱ្យបស្ចិមលោកដាក់សម្ពាធលើទីក្រុងកៀវឱ្យបញ្ឈប់ «អំពើឃោរឃៅ»។
លោក ពូទីន ប្រាប់លោក ម៉ាក្រុង ថា លោកខាងលិចអាចជួយបញ្ចប់ «ឧក្រិដ្ឋកម្មសង្រ្គាម និងការបាញ់ផ្លោងទ្រង់ទ្រាយធំលើកន្លែងជ្រកកោននៅតំបន់ដុនបាស ដែលនាំឱ្យជនស៊ីវិលស្លាប់»។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ស្រង់សម្តីរបស់វិមានក្រឹមឡាំងថា៖ «លោកខាងលិចអាចជួយបញ្ចប់នូវអំពើឃោរឃៅទាំងនេះ ដោយបញ្ចេញឥទ្ធិពលសមស្របលើអាជ្ញាធរក្រុងកៀវ និងដោយការបញ្ឈប់ការផ្តល់អាវុធទៅឱ្យអ៊ុយក្រែន» ។
ចាប់តាំងពីការឈ្លានពានចាប់ផ្ដើមមក រុស្ស៊ីរងការចោទប្រកាន់ពីលោកខាងលិច និងអ្នករងគ្រោះអ៊ុយក្រែន ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីជម្លៀសប្រជាជនពីតំបន់ជម្លោះ សម្លាប់ជនស៊ីវិល និងផ្លោងគ្រាប់ចូលផ្ទះប្រជាជនជាដើម។
ប៉ុន្តែរុស្ស៊ីបដិសេធការចោទប្រកាន់ដោយនិយាយថា យោធារបស់ខ្លួនមិនបានដាក់គោលដៅបាញ់ប្រហារលើជនស៊ីវិលទេ ហើយចោទប្រកាន់អ៊ុយក្រែនថាយកមនុស្សធ្វើជាខែលការពារគ្រាប់ រួចហៅបស្ចិមលោកថាជាអ្នកធ្វើឱ្យសង្រ្គាមអូសបន្លាយតាមរយៈជំនួយសព្វាវុធឱ្យក្រុងកៀវ។
នាពេលនេះ រុស្ស៊ីកំពុងផ្ដោតលើការវាយលុកនៅតំបន់ដុនបាស ហើយកាលពីថ្ងៃអង្គារដូចគ្នា មន្រ្តីក្នុងតំបន់រាយការណ៍ថា ជនស៊ីវិលចំនួន ២១ ត្រូវបានសម្លាប់ ដែលជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងតំបន់ចាប់តាំងពីការវាយប្រហារលើស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kramatorsk ដែលសម្លាប់មនុស្ស ៥០ នាក់កាលពីខែមុន។
ក្នុងកិច្ចសន្ទនាកាលពីថ្ងៃអង្គារ លោកពូទីនក៏ប្រាប់សមភាគីបារាំងផងដែរថា ទីក្រុងម៉ូស្គូនៅតែត្រៀមខ្លួនសម្រាប់ការសន្ទនាជាមួយអ៊ុយក្រែន។ សហភាពអឺរ៉ុបឯណោះវិញ គ្រោងថានឹងពិភាក្សាជាមួយសមាជិករបស់ខ្លួននៅថ្ងៃពុធ លើទណ្ឌកម្មបិទការនាំចូលពីរុស្ស៊ី ដែលជាប្រភពចំណូលសំខាន់របស់ក្រុងម៉ូស្គូ ដើម្បីជាយុទ្ធសាស្រ្តក្នុងការបំបាក់មាស៊ីនសង្រ្គាមរបស់លោកពូទីន។
ប្រភព៖ Reuters