រុស្ស៊ីបង្កើនជម្លោះជាមួយអ៊ីស្រាអែល ដោយចោទប្រកាន់ថាប្រទេសនេះគាំទ្រ «ក្រុមណាហ្ស៊ីថ្មី» នៅអ៊ុយក្រែន
ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាបានគាំទ្រ «ក្រុមណាហ្ស៊ីថ្មី» (neo-Nazi) នៅប្រទេសអ៊ុយក្រែន ដែលជាបង្កើនជម្លោះការទូតចាប់ផ្ដើមនៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេ ឡាវរ៉ូវអះអាងថាមេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់លោកអាដុល ហ៊ីត្លែរមានពូជពង្សលោហិតជនជាតិជ្វីហ្វ។
ដើមឡើយប្រទេសអ៊ីស្រាអែលព្យាយាមដើរខ្សែកណ្ដាល លើបញ្ហាសង្គ្រាមអ៊ុយក្រែន ដោយពួកគេបានព្យាយាមសម្របសម្រួលការចរចាភាគីទាំងពីរ ហើយបានផ្ដល់ជំនួយមនុស្សធម៌ទៅឱ្យអ៊ុយក្រែនប៉ុន្តែបានព្យាយាមជៀសវាងបង្កភាពតានតឹងជាមួយរុស្ស៊ី។ ប៉ុន្តែកាលពីថ្ងៃអាទិត្យនៅពេលដែលគេសួរថាហេតុអ្វីបានជារុស្ស៊ីនៅតែអះអាងថាពួកគេកំពុង «បំបាត់លទ្ធិណាហ្ស៊ីនិយម» ចេញពីប្រទេសអ៊ុយក្រែន បើទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោកវ៉ុលូឌីមៀរ ហ្សេលេនស្គី គឺជាជនជាតិជ្វីហ្វ លោកឡាវរ៉ូវបានឆ្លើយតបនឹងសំណួរនេះដោយអះអាងថាលោកហ៊ីត្លែរ ក៏មានឈាមពូជពង្សជនជាតិជ្វីហ្វដែរ។ លោកឡាវរ៉ូវបានបន្ថែមទៀតថាជនជាតិជ្វីហ្វខ្លួនឯងគឺជាអ្នករើសអើងជនជាតិជ្វីហ្វធំជាងគេ។
ការលើកឡើងរបស់លោកឡាវរ៉ូវបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំង។ កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកយ៉ែរ ឡាពីដវិញបាននិយាយថាការលើកឡើងរបស់លោកឡាវរ៉ូវគឺជា «ការលើកឡើងមិនអាចអត់ឱនបាន និងហួសហេតុ ហើយក៏ជាកំហុសប្រវត្តិសាស្ត្រដ៏អាក្រក់មួយ»។ លោកបន្ថែមទៀតថា៖ «ជនជាតិជ្វីហ្វមិនបានប្រល័យពូជសាសន៍ខ្លួនឯងនៅក្នុង Holocaust ទេ។ កម្រិតថោកទាបបំផុតនៃការរើសអើងជនជាតិជ្វីហ្វ គឺការចោទប្រកាន់ជនជាតិជ្វីហ្វខ្លួនឯងថាជាអ្នករើសអើងខ្លួនឯង»។
នៅថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍មួយថាការលើកឡើងរបស់លោកឡាពីដគឺ «ប្រឆាំងនឹងប្រវត្តិសាស្ត្រ» ហើយ «ពន្យល់យ៉ាងទូលំទួលាយថាហេតុអ្វីបានជារដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នគាំទ្ររបបណាហ្ស៊ីនៅក្រុងគៀវ»។
ក្រសួងនេះសង្កត់ធ្ងន់គោលគំនិតនៃការអះអាងរបស់លោកឡាវរ៉ូវថាបើទោះបីលោកហ្សេលេនស្គីជាជនជាតិជ្វីហ្វក៏ដោយ ក៏មិនមានន័យថារដ្ឋាភិបាលរបស់លោកគឺមិនមែនជារដ្ឋាភិបាលណាហ្ស៊ីនិយមទេ។ ក្នុងការព្យាយាមបង្ហាញថាការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនជាអំពើត្រឹមត្រូវ រុស្ស៊ីបានព្យាយាមគោលដៅចម្បងរបស់ «បេសកកម្មពិសេស» របស់ពួកគេគឺការកម្ចាត់របបណាហ្ស៊ីនិយមនៅអ៊ុយក្រែន ដែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ និងរុស្ស៊ី។ ពួកគេមិនបានផ្ដល់អំណះអំណាងដើម្បីគាំទ្រការអះអាងបែបនេះទេ៕
ប្រភព៖ Aljazeera